ភ្នំភ្លើងហ្វីលីពីនផ្ទុះបញ្ចេញផេះកម្ពស់ ៤.០០០ម៉ែត្រទៅលើមេឃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- ភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីនៅព្រឹកថ្ងៃទី០៨ ខែមេសា ដោយបានបញ្ចេញផេះយ៉ាងខ្ពស់កម្ពស់ ៤.០០០ម៉ែត្រឡើងទៅលើអាកាស។
ភ្នំភ្លើងកាន់ឡាអូន (Kanlaon) ដែលស្ថិតនៅលើកោះណេហ្រ្គោសគឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ របស់ប្រទេសហ្វីលីពីន។ វាបានផ្ទុះឡើងលើកចុងក្រោយកាលពីក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលជំរុញឱ្យមានការជម្លៀសសហគមន៍ដែលរស់នៅក្បែរនោះ។ ចាប់តាំងពីពេលនោះមក ភ្នំភ្លើងកាន់ឡាអូននៅតែស្ថិតនៅក្រោមការព្រមានកម្រិត៣ នៅលើមាត្រដ្ឋាននៃការព្រមានប្រាំកម្រិត។
យោងតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) បានឱ្យដឹងថា ការផ្ទុះឡើងថ្មីនេះបានកើតឡើងនៅវេលាម៉ោង ៥:៥១នាទីព្រឹក ថ្ងៃទី០៨ ខែមេសា (ម៉ោងក្នុងតំបន់) ។
អ្នកស្រុកទាំងអស់ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ចម្ងាយពី៤-៦គីឡូម៉ែត្រត្រូវបានជម្លៀសចេញរួចហើយក្នុងអំឡុងពេលមានការផ្ទុះមុននេះ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។
អាជ្ញាធរមូលដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃផេះនោះទៅលើតំបន់លំនៅដ្ឋាន ហើយពួកគេកំពុងផ្តល់អនុសាសន៍ឱ្យបិទការិយាល័យ និងសាលារៀនដែលជាវិធានការប្រុងប្រយ័ត្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





