ជប៉ុន និងម៉ាឡេស៊ី ពន្លឿនកិច្ចចរចារពន្ធជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ -- ប្រមុខគណៈរដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃទី០៨ ខែមេសា ថា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកស្តារសេដ្ឋកិច្ចឡើងវិញរបស់ជប៉ុន លោក រីយ៉ូសី អាកាហ្សាវ៉ា (Ryosei Akazawa) ត្រូវបានតែងតាំងជាអ្នកចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទៅលើបញ្ហាពន្ធ។
ការតែងតាំងនេះបានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីកេរូ អ៊ីស៊ីបា (Shigeru Ishiba) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ពួកគេមួយកាលពីថ្ងៃទី០៧ ខែមេសាដើម្បីបន្តកិច្ចចរចារពន្ធទ្វេភាគីតាមរយៈរដ្ឋមន្ត្រីរបស់ពួកគេ។
លោក ហាយ៉ាស៊ី បាននិយាយថា លោក អ៊ីស៊ីបា កំពុងពិចារណាអំពីដំណើរទស្សនកិច្ចមួយផ្សេងទៀតទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ «ក្នុងពេលវេលាដ៏សមស្របបំផុត» ជាមួយនឹងការរីកចម្រើននៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីគឺជាការពិចារណាដ៏សំខាន់។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសេនត៍ (Scott Bessent) ដែលត្រូវបានចាត់តាំងឱ្យដឹកនាំកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) នៅថ្ងៃដដែលនោះថា លោកមានបំណងចរចាជាមួយសមភាគីជប៉ុនមិនត្រឹមតែទៅលើពន្ធគយប៉ុណ្ណោះទេប៉ុន្តែថែមទាំងស្តីពីអត្រាប្តូរប្រាក់ទៀតផង។
លោក ហាយ៉ាស៊ី បាននិយាយថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកកាតស៊ូណូប៊ូ កាតូ (Katsunobu Kato) នឹងទទួលបន្ទុកកិច្ចចរចាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ទាក់ទងនឹងបញ្ហាអត្រាប្តូរប្រាក់។
កាលពីថ្ងៃទី០៨ ខែមេសា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនមន្ត្រីទៅកាន់សហរដ្ឋអាមេរិក ដើម្បីផ្តួចផ្តើមកិច្ចពិភាក្សាអំពីពន្ធ ២៤% ដែលទើបនឹងដាក់ចេញទៅលើទំនិញនាំចូលពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ថ្លែងនៅក្នុងសន្និសីទវិនិយោគមួយ លោក អាន់វ៉ា បាននិយាយថាពាណិជ្ជកម្មរបស់ម៉ាឡេស៊ីជាមួយសហរដ្ឋអាមេរិក គឺជាគំរូនៃការទទួលបានផលប្រយោជន៍ទៅវិញទៅមកជាយូរមកហើយ ដូច្នេះពន្ធថ្មីនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា ម៉ាឡេស៊ីនឹងធ្វើសកម្មភាពតាមរយៈកិច្ចសន្ទនាស្ងាត់ៗទៅលើមូលដ្ឋានស្ថាបនា ហើយបានបញ្ជាក់ថាខ្លួននឹងសម្របសម្រួលជាមួយបណ្តាប្រទេសនៅអាស៊ានដែលបច្ចុប្បន្នដឹកនាំដោយម៉ាឡេស៊ី ដើម្បីរៀបចំគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





