កិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើវឌ្ឍនភាពនៃការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើវឌ្ឍនភាពនៃការរៀន និងបង្រៀនភាសាបារាំង និងកិច្ចការពាក់ព័ន្ធនានា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក លោកស្រីជាជំនាញការបារាំង និងជាទីប្រឹក្សាក្រសួងផ្នែកអប់រំភាសាបារាំង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទជាច្រើនរូប។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ដោយផ្តោតសំខាន់លើការរៀន និងបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សារួមមាន ថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាបារាំងទី១-ទី២ និងកម្រិតឧត្តមសិក្សា ព្រមទាំងការរៀន និងបង្រៀនភាសាបារាំងតាមបណ្តាគ្រឹះស្ថានបណ្ដុះបណ្តាលគ្រូ ដោយសហការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងយន្តការលើកកម្ពស់ភាសាបារាំង ព្រមទាំងលើកទិសដៅអនុវត្តជាបន្តផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីផែនការសកម្មភាព និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ត្រៀមខ្លួនចូលរួមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





