ឯកឧត្តមបណ្ឌិត ចាយ បូរិន គូសបញ្ជាក់ថា ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា នៅកម្ពុជានាពេលនេះប្រព្រឹត្តទៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះបានប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីធម៌ដ៏ទូលំទូលាយ និងស្និទស្នាល ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ទន់ភ្លន់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ដូចនេះធ្វើឡើង ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ជាទិវាដែលត្រូវបានអនុម័ត ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោក លើកទី៦ ក្រោមប្រធានបទ “សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក” ដែលមានអ្នកកាន់ព្រះពុទ្ធសាសនា ៤១ប្រទេស តំណាងពុទ្ធសាសនិក ៥១០លាននាក់ទូទាំងពិភពលោក កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្រុងកូបេប្រទេសជប៉ុន ដែលនៅក្នុងកិច្ចប្រជុំនោះក៏បានថ្វាយព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “ព្រះស្រីលោកធម្មិករាជ” ចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ ហើយចាប់ពីពេលនោះមកនៅព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅថ្ងៃទី៨ មេសា ជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ ដូច្នេះ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស និងសកលលោក។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានលើកឡើងថា យុគសម័យឌីជីថលបាននាំមកនូវឱកាសដ៏ល្អប្រសើរ សម្រាប់ការផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យកាន់តែទូលំទូលាយទៅដល់មនុស្សជាតិកាន់តែច្រើន។ ព្រះសង្ឃ និងអ្នកប្រាជ្ញព្រះពុទ្ធសាសនាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយព្រះធម៌។ ការសម្ដែងធម្មទេសនា និងកម្មវិធីសមាធិតាមអ៊ីនធឺណិត កំពុងក្លាយជារឿងធម្មតា ដែលធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែជ្រួតជ្រាបដល់ស្រទាប់យុវជន ក៏ដូចជាមនុស្សគ្រប់វ័យ ហើយថាឯកសារព្រះធម៌ឌីជីថលមិនគ្រាន់តែមានភាពងាយស្រួលសម្រាប់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើឱ្យគោលដៅនៃការស្វែងយល់ និងការអភិរក្សធម៌វិន័យព្រះពុទ្ធសាសនាផងដែរ។

ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធី រួមមាន៖ ១) ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ សូមព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទគ្រប់រូប ព្រះមេត្តា និងមេត្តាយកព្រះទ័យ និងយកចិត្តទុកដាក់ កុំធ្វើសកម្មភាពណាមួយដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ឬផុសមាតិកាណាមួយ ដែលនាំឱ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីគ្នា។ ២) ត្រូវស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានស៊ីជម្រៅ ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនូវតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ៣)នៅក្នុងយុគសម័យឌីជីថលប្រទេសជាតិត្រូវការមូលធនមនុស្សដែលមានគុណភាព ដូច្នេះគប្បីបង្កើននូវចំណេះដឹងឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ ក៏ដូចជាគ្រប់គ្រងឱ្យបានទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើយ៉ាងណាប្រើឱ្យចំគោលដៅ និងមានឱ្យមានប្រយោជន៍ដល់ខ្លួនឯង ព្រះពុទ្ធសាសនា និងសង្គមជាតិ។ល៕
ដោយ៖ ចាន់ សុភឿន រូបថត៖ សួស សាវី





