រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចទៅក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះដើម្បីចរចាពន្ធគយ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក ឆុង អ៊ីនយ៉ូ (Cheong In-kyo) នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីការចរចារពន្ធជាមួយមន្ត្រីរដ្ឋបាលរបស់សហរដ្ឋអាមេរិក។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា លោក ឆុង គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក ចាមីសុន ហ្គ្រៀ (Jamieson Greer) និងមន្ត្រីរដ្ឋាភិបាលដទៃទៀត។
ដំណើរទស្សនកិច្ចរបស់លោក ឆុង ដែលគ្រោងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសដំឡើងពន្ធ ២៥% សម្រាប់ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលនឹងចូលជាធរមាននៅថ្ងៃពុធ។
ពន្ធថ្មីលើប្រទេសកូរ៉េខាងត្បូងគឺជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយរបស់រដ្ឋបាលលោក ត្រាំ ដែលមានបំណងដាក់កាតព្វកិច្ចទៅវិញទៅមកពីប្រទេសមួយទៅប្រទេសមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងជំរុញឧស្សាហកម្មផលិតក្នុងស្រុករបស់ខ្លួន។
ក្នុងអំឡុងពេលនៃការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ លោក ឆុង គ្រោងនឹងដោះស្រាយការព្រួយបារម្ភរបស់ទីក្រុងសេអ៊ូលចំពោះកាតព្វកិច្ចថ្មីរបស់សហរដ្ឋអាមេរិក និងស្វែងរកវិធីកាត់បន្ថយអត្រាពន្ធសម្រាប់ប្រទេសកូរ៉េខាងត្បូង។
លោក ឆុង បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «យើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលក្រុមហ៊ុនកូរ៉េនាំចេញទៅ ឬប្រតិបត្តិការនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងជួបការលំបាកដោយសារពន្ធគយដែលបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ក៏ដូចជាពន្ធលើដែកអាលុយមីញ៉ូម រថយន្ត និងគ្រឿងបន្លាស់រថយន្ត»។
លោកបានបន្ថែមថា «រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើអាជីវកម្ម និងឧស្សាហកម្មកូរ៉េ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





