ចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣នាក់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានជន់លិចរដ្ឋធានីនៃប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយកាលពីព្រឹកថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ចំនួន ៣៣នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានជន់លិចទីក្រុងគីនសាសារដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខ លោកចាកកេមេន សាបានី (Jacquemain Shabani) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងពេញមួយយប់បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំនៅទូទាំងស្រុកជាច្រើននៃរដ្ឋធានី ហើយបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងបំផ្លាញផ្ទះសម្បែងជាច្រើន។
ជាការឆ្លើយតប រដ្ឋាភិបាលបានបង្កើតអង្គភាពគ្រប់គ្រងវិបត្តិមួយក្នុងការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធ ក្រសួងមួយចំនួន និងរដ្ឋាភិបាលខេត្តគីនសាសា ដើម្បីអនុវត្តន៍ការជម្លៀស និងដាក់ពង្រាយក្រុមសង្គ្រោះបន្ទាន់។
ទឹកជំនន់បានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ទីក្រុង ដោយលិចផ្លូវធំៗ និងបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងទឹកនៅទូទាំងទីក្រុង។
ក្រសួងដឹកជញ្ជូនបានរាយការណ៍ពីការរំខានយ៉ាងធ្ងន់ធ្ងរចំពោះផ្លូវទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិ N'djili ដែលជំរុញឱ្យមានការដាក់ពង្រាយសេវាសាឡាងសង្គ្រោះបន្ទាន់ដើម្បីជួយដល់អ្នកដំណើរដែលជាប់គាំង។
អ្នកឧតុនិយមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះដែលបង្កើនការភ័យខ្លាចនៃការបំផ្លិចបំផ្លាញបន្ថែមទៀតនៅក្នុងទីក្រុងដែលមានប្រជាជន ១៧លាននាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





