បារាំង និងអាល់ហ្សេរីយល់ព្រមស្តារទំនាក់ទំនងឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសបារាំងលោក ចៀន នូអែល បាររ៉ុត (Jean-Noel Barrot) បានទៅដល់ទីក្រុងAlgiers កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងលើចំណងការទូត និងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីអាល់ហ្សេរី លោក អាប់ដេលម៉ាដជីដ តេបប៊ូន (Abdelmadjid Tebboune) លោក បាររ៉ុត បាននិយាយថា ភាគីទាំងពីរបានយល់ព្រមធ្វើឡើងវិញនូវយន្តការសហប្រតិបត្តិការទាំងអស់លើគ្រប់វិស័យ។ លោកបានដកស្រង់សម្ដីរបស់លោក តេបប៊ូន ដោយនិយាយថា «វាំងននត្រូវបានបើកឡើង»។
លើបញ្ហាសន្តិសុខ លោក បាររ៉ុត បានបញ្ជាក់ថា ការទំនាក់ទំនងចារកម្មនឹងបន្តឡើងវិញ ហើយកិច្ចប្រជុំរវាងមន្ត្រីសន្តិសុខជាន់ខ្ពស់នៃប្រទេសទាំងពីរត្រូវបានយល់ព្រម។ ការសន្ទនាជាយុទ្ធសាស្ត្រលើតំបន់ Sahel ក៏ត្រូវបានគេរំពឹងថានឹងធ្វើតាមផងដែរ។
នៅព្រឹកថ្ងៃដដែល លោក បាររ៉ុត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក អាហ៍មេដ អាតទីហ្វ (Ahmed Attaf)ជាមួយនឹងការពិភាក្សាក្រោយមកបានពង្រីកដើម្បីរួមបញ្ចូលគណៈប្រតិភូមកពីប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការសន្ទនាទូរស័ព្ទកាលពីថ្ងៃទី៣១ ខែមីនា រវាងលោក តេបប៊ូន និងប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលជាប់គាំងឡើងវិញ។
នេះជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់លើកដំបូងចាប់តាំងពីទំនាក់ទំនងរបស់ប្រទេសទាំងពីរបានធ្លាក់ចុះដោយសារការខ្វែងគំនិតគ្នាលើបញ្ហា និងគោលនយោបាយអន្តោប្រវេសន៍ និងការគាំទ្ររបស់បារាំងចំពោះប្រទេសម៉ារ៉ុកក្នុងជម្លោះជុំវិញតំបន់សាហារ៉ាខាងលិច៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





