ទីប្រឹក្សានយោបាយកំពូលចិនជួបជាមួយប្រធានសភាហ្វាំងឡង់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- ទីប្រឹក្សានយោបាយកំពូលរបស់ចិន លោក វ៉ាង ហ៊ូនីង (Wang Huning) បានជួបជាមួយប្រធានសភាហ្វាំងឡង់ លោក ជូសស៊ី ហាលឡា អាហូ (Jussi Halla-aho) កាលពីថ្ងៃចន្ទ។
លោក វ៉ាង ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បាននិយាយថា ទំនាក់ទំនងចិន-ហ្វាំងឡង់ បានរីករាយនឹងការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំនៃទំនាក់ទំនងការទូត។
លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសហ្វាំងឡង់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់ប្រមុខរដ្ឋទាំងពីរ ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ ហើយបង្កើនភាពជាដៃគូសហប្រតិបត្តិការដែលផ្តោតលើអនាគតរវាងប្រទេសទាំងពីរ លោកបានបន្ថែមថា គណៈកម្មាធិការជាតិ CPPCC នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក ហាលឡា អាហូ បាននិយាយថា ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសំខាន់បំផុតនៅលើពិភពលោកហើយប្រទេសហ្វាំងឡង់មានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងសហភាពអឺរ៉ុប-ចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





