សហរដ្ឋអាមេរិកមានការតវ៉ាទ្រង់ទ្រាយធំជាលើកដំបូងចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- សហរដ្ឋអាមេរិកបានឃើញនូវរលកដំបូងនៃការតវ៉ាទ្រង់ទ្រាយធំជាលើកដំបូងចាប់តាំងពីលោក ដូណាល់ ត្រាំ (Donald Trump) វិលត្រឡប់ទៅកាន់សេតវិមានវិញដោយមានបាតុកម្មជាង១.៤០០ ប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតីរូបនេះ និងសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) ដែលបានកើតឡើងនៅទូទាំងរដ្ឋទាំង៥០ កាលពីថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៥។ យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា មនុស្សប្រមាណ ៦០០.០០០នាក់បានចូលរួមក្នុងការប្រមូលផ្តុំគ្នានេះ ដែលបានក្លាយជាការតវ៉ាដ៏ធំបំផុតនៅទូទាំងប្រទេស។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការតវ៉ានេះអាចជាការកាត់សម្គាល់នៃការចាប់ផ្តើមយុទ្ធសាស្ត្រប្រជាធិបតេយ្យដ៏ទូលំទូលាយមួយដើម្បីបំផ្លាញអភិបាលកិច្ចសាធារណៈរដ្ឋ។
មុនពេលមានការតវ៉ា ក្រុមអ្នករៀបចំបានចេញនូវការទាមទារសំខាន់ៗចំនួនបីដល់លោក ត្រាំ គឺដើម្បីបញ្ចប់នូវអ្វីដែលពួកគេបានពិពណ៌នាថា ជាការដណ្តើមអំណាចរបស់មហាសេដ្ឋី ដើម្បីបញ្ឈប់ការកាត់បន្ថយការផ្តល់មូលនិធិសហព័ន្ធសម្រាប់កម្មវិធីសង្គម និងជៀសវាងការវាយប្រហារទៅលើក្រុមជនជាតិភាគតិច។ ក្រុមអ្នកតវ៉ាក៏បានសម្តែងការប្រឆាំងចំពោះការបណ្តេញចេញនូវបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ និងការបិទទីភ្នាក់ងារសហព័ន្ធផងដែរ។
ការធ្លាក់ចុះមួយទៀតសម្រាប់គណបក្សប្រជាធិបតេយ្យ គឺការផ្អាកប្រតិបត្តិការទីភ្នាក់ងារ USAID។ យោងតាមអ្នកជំនាញ បានឱ្យដឹងថាមូលនិធិរបស់ទីភ្នាក់ងារ USAID មានមុខងារជាមូលនិធិមិនផ្លូវការសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលតាមរយៈនោះវាបានផ្ដល់ហិរញ្ញប្បទានដល់យុទ្ធនាការបោះឆ្នោតរបស់បេក្ខភាពរបស់ខ្លួន។
ជម្លោះនយោបាយនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងមានការកើនឡើង និងបង្ហាញឱ្យឃើញក្នុងទម្រង់ផ្សេងៗគ្នា រួមទាំងការកើនឡើងនៃសកម្មភាពសាធារណៈ និងការបញ្ចេញមតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





