សេដ្ឋកិច្ចរុស្ស៊ីទាក់ទាញអ្នកវិនិយោគលោកខាងលិច
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក ម៉ាកស៊ីម រេស្សេតនីកូវ (Maksim Reshetnikov)បាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីកំពុងបង្ហាញពីអត្រាកំណើនដ៏រឹងមាំ ដែលជាការទាក់ទាញដល់អ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគពីបណ្តាប្រទេសលោកខាងលិច។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅមហាសន្និបាតAIM Congress ឆ្នាំ២០២៥ ថា «សេដ្ឋកិច្ចរុស្ស៊ីកំពុងបង្ហាញអំពីអត្រាកំណើនដ៏រឹងមាំជាមួយនឹងកំណើនដែលបានឈានដល់ ៤,១% ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ សេដ្ឋកិច្ចរុស្ស៊ីមានភាពទាក់ទាញខ្លាំងចំពោះអ្នកវិនិយោគនាពេលបច្ចុប្បន្ន ជាពិសេសចំពោះវិនិយោគិនលោកខាងលិច»។
លោកបានកត់សម្គាល់អំពីកម្រិតខ្ពស់នាពេលបច្ចុប្បន្ននៃអត្រាការប្រាក់ពិតប្រាកដនៅក្នុងសេដ្ឋកិច្ចរុស្ស៊ី ដែលមានន័យថាការវិនិយោគហិរញ្ញវត្ថុមានភាពទាក់ទាញចំពេលដែលមានស្ថិរភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មខាងក្រៅ និងអត្រាប្តូរប្រាក់ស្ថិរភាព។ លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា «បាទ! មានការប្រែប្រួលមួយចំនួន បើទោះបីជាស្ថានភាពទូទៅមានស្ថេរភាពក៏ដោយ។ ជាការពិតដែលចាំបាច់ត្រូវពិចារណាទៅលើការវិនិយោគលើដើមទុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យារួមគ្នា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





