វិមានក្រឹមឡាំង៖ ស្ថានភាពទីផ្សារប្រេងពិភពលោកមានភាពច្របូកច្របល់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ស្ថានភាពនៅលើទីផ្សារប្រេងពិភពលោកមានភាពច្របូកច្របល់ខ្លាំង ដែលទាក់ទងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើប្រទេសភាគច្រើនហើយអាជ្ញាធររុស្ស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
គិតត្រឹមម៉ោង ១០:០៨នាទីព្រឹក (ម៉ោងនៅទីក្រុងម៉ូស្គូ) តម្លៃនៃកិច្ចសន្យាអនាគតប្រេងឆៅ Brent សម្រាប់ការចែកចាយសម្រាប់ខែមិថុនាឆ្នាំ២០២៥ បានធ្លាក់ចុះក្រោម ៦៣ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលជាការធ្លាក់ថ្លៃលើកដំបូងចាប់តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មក។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម។
លោក ប៉េសកូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «សូចនាករនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការបំពេញបន្ថែមនូវថវិការបស់យើង។ យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពបច្ចុប្បន្នដែលមានភាពច្របូកច្របល់ និងតានតឹង ដែលទាក់ទងទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធទៅលើប្រទេសភាគច្រើនក្នុងពិភពលោក»។
លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរកំពុងធ្វើគ្រប់យ៉ាងដើម្បីបន្ធូរបន្ថយស្ថានការណ៍ពិភពលោកសម្រាប់សេដ្ឋកិច្ចរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីការអនុវត្តពន្ធទៅលើផលិតផលពីប្រទេសចំនួន១៨៥ ប៉ុន្តែមិនមានការប្រកាសអំពីពន្ធថ្មីសម្រាប់រុស្ស៊ីនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





