ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោង "ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី"
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោង "ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី" (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE) កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្ដែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចម្បងបំផុតរបស់ក្រសួងសុខាភិបាល។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។

ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានមានប្រសាសន៍ថា គម្រោងនេះនឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ KRW9,660,000,000 ស្មើនឹងប្រមាណ៧លានដុល្លារអាមេរិក៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





