មេដឹកនាំអេហ្ស៊ីប និងបារាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាត់តា អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងសមភាគីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីស្តារភាពស្ងប់ស្ងាត់ និងផ្តល់ជំនួយមនុស្សធម៌។
មេដឹកនាំទាំងពីរបានគូសបញ្ជាក់ថា ដំណោះស្រាយរដ្ឋពីរគឺចាំបាច់សម្រាប់ការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់។ ពួកគេក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការធ្វើអន្តរការីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបានពិនិត្យមើលពីទំនាក់ទំនងទ្វេភាគីមុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ម៉ាក្រុន ទៅកាន់ប្រទេសអេហ្ស៊ីប។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលត្រីភាគីដែលពាក់ព័ន្ធនឹងប្រទេសអេហ្ស៊ីប បារាំង និងហ្ស៊កដានី នៅទីក្រុងគែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ម៉ាក្រុន ក៏ត្រូវបានពិចារណាផងដែរ។
អ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់រយៈពេល ២ខែជាមួយក្រុមហាម៉ាស់នៅថ្ងៃទី ១៨ ខែមីនា ហើយបានបន្តការវាយប្រហារតាមអាកាស និងតាមផ្លូវគោកលើតំបន់ប៉ាឡេស្ទីន។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក អេហ្វហ្វី ដេហ្វរីន (Effie Defrin) បាននិយាយថា កងទ័ពបានចូល «ដំណាក់កាលថ្មី» ក្នុងការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សា។
អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១.៣០៩នាក់ និងរបួស ៣.១៨៤នាក់ផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





