កងកម្លាំងសន្តិសុខលីប៊ីបានចាប់ខ្លួនជនចំណាកស្រុកប្រហែល ៥៧០នាក់នៅជិតទីក្រុងអ៊ីមសាអេដ ភាគខាងកើត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរភាគខាងកើតបាននិយាយថា កងកម្លាំងសន្តិសុខលីប៊ីសហការជាមួយរដ្ឋបាលភាគខាងកើតរបស់ប្រទេសនេះបានចាប់ខ្លួនជនចំណាកស្រុកដែលគ្មានឯកសារប្រហែល ៥៧០នាក់នៃជាតិសាសន៍ផ្សេងៗ និងជនសង្ស័យជួញដូរមនុស្សជាច្រើននាក់នៅជិតព្រំដែនទីក្រុងអ៊ីមសាអេដ។
នាយកសន្តិសុខភាគខាងកើតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួននៅជិតទីក្រុងអ៊ីមសាអេដព្រំដែនប្រទេសលីប៊ីជាមួយប្រទេសអេហ្ស៊ីប បន្ទាប់ពីការស៊ើបអង្កេតដែលបានរកឃើញកន្លែងលាក់ខ្លួនរបស់ជនចំណាកស្រុកជាច្រើននាក់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនចំណាកស្រុកប្រហែល ៥៧០នាក់ និងមនុស្សមួយចំនួនដែលសង្ស័យថាមានការជួញដូរមនុស្សត្រូវបានឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ។
ប្រទេសលីប៊ីបានក្លាយជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនចំណាកស្រុកដែលភាគច្រើនមកពីប្រទេសអាហ្វ្រិកផ្សេងទៀត ដោយព្យាយាមឆ្លងដែនសមុទ្រទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ២០១១ បានទម្លាក់មេដឹកនាំដែលកាន់អំណាចដ៏យូរយាគឺ លោក ម៉ាមម៉ារ ហ្គាដដាហ្វី (Muammar Gaddafi) ហើយបានទម្លាក់ប្រទេសនេះឱ្យមានភាពវឹកវរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





