ក្រុមហ៊ុនអាកាសចរណ៍ British Airways បន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍ British Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ចក្រភពអង់គ្លេសបានបើកដំណើរការឡើងវិញក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង ៦ខែជាមួយនឹងជើងហោះហើរចាកចេញពីអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ ហើយចុះចតនៅអាកាសយានដ្ឋាន Ben Gurion នៅខាងក្រៅទីក្រុងតេលអាវីវ កាលពីថ្ងៃអាទិត្យ។
ក្រុមហ៊ុនអាកាសចរណ៍នេះបានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីចុងខែកញ្ញាឆ្នាំមុន ដោយសារតែស្ថានភាពសន្តិសុខនៅក្នុងតំបន់កើនឡើង។
ឥឡូវនេះក្រុមហ៊ុនបានដំណើរការឡើងវិញជាមួយនឹងជើងហោះហើរប្រចាំថ្ងៃមួយទៅកាន់ទីក្រុងតេលអាវីវ ហើយគ្រោងនឹងបង្កើនសេវាកម្មដល់ជើងហោះហើរប្រចាំថ្ងៃចំនួន ២ជើងដែលចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា។
ក្រុមហ៊ុន United Airlines បានបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៦ ខែមីនា និងក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នៅថ្ងៃទី១ ខែមេសា។
ទន្ទឹមនឹងនេះ ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយការិយាល័យស្ថិតិ កណ្តាលរបស់ប្រទេសអ៊ីស្រាអែលបានបង្ហាញថា ចំនួនអ្នកទេសចរដែលមកទស្សនាប្រទេសនេះក្នុងត្រីមាសទីមួយបានកើនឡើង ៣០,៧% ពីមួយឆ្នាំទៅមួយឆ្នាំឈានដល់ ២៦៧.៦០០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





