ប្រធានរដ្ឋសភាវៀតណាមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងពិភពលោកមួយប្រកបដោយចីរភាពនៅក្នុងសន្និបាតសហភាពអន្តរសភាលើកទី១៥០
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ប្រធានរដ្ឋសភាវៀតណាម លោក ត្រាន់ ថាញ់ម៉ាន់ (Tran Thanh Man) បានអំពាវនាវឱ្យសមាជិកសភា និងប្រជាជាតិទាំងអស់ ចាត់វិធានការឱ្យកាន់តែខ្លាំងឡើងរួមគ្នាដើម្បីកសាងពិភពលោកមួយប្រកបដោយយុត្តិធម៌ វិបុលភាព និងចីរភាព ខណៈដែលលោកកំពុងថ្លែងសុន្ទរកថានៅផ្នែកកម្រិតខ្ពស់នៃការជជែកដេញដោលទូទៅនៃសហភាពអន្តរសភាលើកទី១៥០ (IPU-150) នៅទីក្រុងតាស់ស្កិនត៍របស់ប្រទេសអ៊ូបេសគីស្ថាន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។
លោក ម៉ាន់ បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃ IPU-150 ស្តីពី «សកម្មភាពសភាសម្រាប់ការអភិវឌ្ឍសង្គម និងយុត្តិធម៌» ដែលមានសារៈសំខាន់យ៉ាងខ្លាំង។
លោកបានពន្យល់បន្ថែមថា នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់រាប់ចាប់តាំងពីការប្រែប្រួលអាកាសធាតុរហូតដល់វិសមភាព និងជម្លោះនយោបាយ សភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនោះ។
ប្រធានអង្គនីតិប្បញ្ញត្តិវៀតណាមរូបនោះបាននិយាយថា ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម។
ដូច្នេះ សភាគួរតែធ្វើការធានាថា គោលនយោបាយទាំងអស់មានគោលបំណងបង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ ហើយប្រជាជនទាំងអស់ដោយមិនត្រូវគិតអំពីភេទ សាសនា ជាតិសាសន៍ ឬសាវតាសង្គមនោះទេ ហើយត្រូវទទួលបានផលប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍដូចគ្នា។
ក្នុងន័យនេះ រដ្ឋសភាវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងកសាងប្រព័ន្ធច្បាប់ និងគោលនយោបាយប្រកបដោយយុត្តិធម៌ ទន្ទឹមនឹងការលើកកម្ពស់ការចូលរួមរបស់សាធារណៈជនក្នុងការបង្កើត និងអនុវត្តគោលនយោបាយ។
លោក ម៉ាន់ បានបញ្ជាក់ថា «រដ្ឋសភាវៀតណាមប្តេជ្ញាបន្តធ្វើការងារជាមួយបណ្តាសភាជុំវិញពិភពលោក ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសម្រេចបាននូវគោលដៅដ៏ថ្លៃថ្នូសម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងយុត្តិធម៌ និងពិភពលោកមួយដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





