ហ្វីលីពីនប្រកាសអាសន្នអំពីការកើនឡើងនៃការជក់បារី និងបារីអេឡិចត្រូនិច
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DOH) បានលើកឡើងអំពីការប្រកាសអាសន្នអំពីការកើនឡើងនៃអត្រាប្រេវ៉ាឡង់នៃការជក់បារី និងការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមប្រជាជនក្នុងតំបន់។
ក្រសួងនេះបានដកស្រង់លទ្ធផលនៃការស្ទង់មតិជាតិអាហារូបត្ថម្ភឆ្នាំ២០២៣ ដែលបានបង្ហាញថា ការញៀនសារជាតិនីកូទីនពីផលិតផលថ្នាំជក់នៅតែជាកង្វល់ចំពោះវិស័យសុខភាពសាធារណៈនៅក្នុងប្រទេសនេះ។ ការស្ទង់មតិនោះបានបង្ហាញបន្ថែមថា អត្រានៃការញៀនសារជាតិនីកូទីនក្នុងចំណោមមនុស្សដែលមានអាយុពី២០-៥៩ឆ្នាំ បានកើនឡើងពី ១៩% កាលពីក្នុងឆ្នាំ២០២១ ដល់ ២៤,៤%។
ក្រសួងសុខាភិបាលបាននិយាយថា ការជក់បារីជាកត្តាហានិភ័យដ៏សំខាន់សម្រាប់ជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើម។ នៅទូទាំងពិភពលោក អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា មានអ្នកស្លាប់ប្រចាំឆ្នាំជាង ៨លាននាក់ដោយសារថ្នាំជក់។
នៅក្នុងប្រទេសហ្វីលីពីន ទិន្នន័យពីអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានបង្ហាញថា មូលហេតុធំៗទាំងបីនៃការស្លាប់ គឺការគាំងបេះដូង ជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលករណីទាំងអស់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងការជក់បារី។
ប្រទេសហ្វីលីពីនបានកត់ត្រា និងផ្សព្វផ្សាយនូវករណីដំបូងនៃការប្រើប្រាស់បារីអេឡិចត្រូនិចដែលទាក់ទងនឹងការស្លាប់ដោយសារជំងឺសួតរបស់អត្តពលិកអាយុ ២២ឆ្នាំម្នាក់ដែលមិនមានប្រវត្តិជក់បារី ឬថ្នាំផ្សេងទៀត ប៉ុន្តែបានចាប់ផ្តើមប្រើប្រាស់បារីអេឡិចត្រូនិចតាំងពីក្មេងមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





