ម៉ាឡេស៊ីនឹងកោះប្រជុំអាស៊ានពិសេសមួយ ស្តីពីពន្ធទៅវិញទៅមករបស់អាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- នៅក្នុងសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចពិសេសអាស៊ាននៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីពិភាក្សាអំពីការដំឡើងពន្ធទៅវិញទៅមករបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) បាននិយាយថា កិច្ចប្រជុំនោះនឹងពិភាក្សាអំពីផលប៉ះពាល់ដ៏ទូលំទូលាយនៃវិធានការពន្ធរបស់សហរដ្ឋអាមេរិកទៅលើលំហូរពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការឆ្លើយតបសម្របសម្រួលរបស់អាស៊ានដើម្បីរក្សាផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់ និងការប្តេជ្ញាចិត្តយូរអង្វែងចំពោះប្រព័ន្ធពាណិជ្ជកម្មដោយការបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។
ក្រសួង MITI បាននិយាយថា បណ្តាមេដឹកនាំអាស៊ានក៏នឹងជួបប្រជុំគ្នាផងដែរ ដើម្បីពិភាក្សាអំពីដំណោះស្រាយរបស់ប្រទេសជាសមាជិកក្នុងការដោះស្រាយ និងកាត់បន្ថយការរំខានដែលអាចកើតមានចំពោះពាណិជ្ជកម្មក្នុងតំបន់ បណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគឆ្លងព្រំដែន។
នេះ គឺដើម្បីធានាថាអាស៊ានបន្តនៅតែជាមជ្ឈមណ្ឌលស្ថិរភាព មានការប្រកួតប្រជែង និងទាក់ទាញសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគពិភពលោក។
រដ្ឋជាសមាជិករបស់ប្លុកនេះ រងការប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយរបស់សហរដ្ឋអាមេរិកនោះ រួមមានប្រទេសកម្ពុជាដែលត្រូវបានយកពន្ធលើមូលដ្ឋាន និងពន្ធសងសឹកសរុបចំនួន ៤៩% បន្ទាប់មក គឺប្រទេសឡាវ (៤៨%) វៀតណាម (៤៦%) និងមីយ៉ាន់ម៉ា (៤៤%)។
ទន្ទឹមនឹងនោះដែរ ប្រទេសថៃត្រូវបានវាយលុកដោយពន្ធគយរបស់អាម៉េរិកចំនួន ៣៦% ឥណ្ឌូណេស៊ី ៣២% ប្រ៊ុយណេ និងម៉ាឡេស៊ី ២៤% ហ្វីលីពីន ១៧% និងសិង្ហបុរី ១០%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





