ថៃស្នើបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី BIMSTEC
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ថៃបានស្នើបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី BIMSTEC (FTA) ដើម្បីបង្កើនពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងសេដ្ឋកិច្ចនៃក្រុមប្រទេសក្នុងតំបន់។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ត្រា (Paetongtarn Shinawatra) បានលើកឡើងអំពីគំនិតផ្តួចផ្តើមនេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី៦ នៃក្រុមប្រទេសដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាក្រុមប្រទេសនៃគំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) កាលពីថ្ងៃទី០៤ ខែមេសា នៅទីក្រុងបាងកក។
លោកស្រីជឿជាក់ថា FTA នេះនឹងដោះសោនៃសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតឱកាសថ្មីសម្រាប់ប្រទេសជាសមាជិកទាំងអស់។
ប្រទេសថៃក៏បានស្នើបង្កើតក្រុមប្រឹក្សាប្រឹក្សាអាជីវកម្ម BIMSTEC ដើម្បីបង្កើនតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងកំណើននាពេលអនាគតក្នុងតំបន់ផងដែរ។
កិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយរដ្ឋាភិបាលថៃបន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំសម្រាប់កិច្ចប្រជុំដោយផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីចក្ខុវិស័យរួមមួយសម្រាប់អនាគតក្នុងតំបន់។ ព្រឹត្តិការណ៍នេះគេឃើញវត្តមានបណ្តាមេដឹកនាំមកពីប្រទេសចំនួន៧ គឺប្រទេសឥណ្ឌា នេប៉ាល់ ប៊ូតាន់ ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដែស និងថៃ។
លោកស្រី ផែថុងថាន បានបញ្ជាក់ថា ឯកសារនេះនឹងត្រូវបានប្រើប្រាស់ជាប្លង់មេសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងចំណោមសមាជិកនៃប្លុកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៤,៥ពាន់ពាន់លានដុល្លារអាម៉េរិកមួយនេះ។
កិច្ចប្រជុំកំពូលនោះក៏បានផ្តោតសំខាន់ទៅលើនិរន្តរភាពបរិស្ថាន និងការថែទាំសុខភាពផងដែរ។ នាយករដ្ឋមន្ត្រីថៃរូបនវបានអំពាវនាវឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ លោកស្រីបានស្នើបង្កើត «មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ឱសថត្រូពិច» នៅក្នុង BIMSTEC ដើម្បីដោះស្រាយតម្រូវការថែទាំសុខភាពតែមួយគត់ក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





