ចិនបាញ់បង្ហោះផ្កាយរណបថ្មីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសកាលពីថ្ងៃព្រហស្បតិ៍ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ផ្កាយរណបទៀនពីង-៣អេ ០២ (Tianping-3A 02) ត្រូវបានបាញ់បង្ហោះនៅម៉ោង ១០:១២ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៦ (Long March-6) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងសម្រាប់ការក្រិតឧបករណ៍រ៉ាដានៅលើដី និងការវាស់វែងផ្នែកឆ្លងកាត់រ៉ាដា (RCS) ។ ផ្កាយរណបនេះនឹងគាំទ្រការពិសោធន៍រូបភាពសម្រាប់ឧបករណ៍អុបទិកដែលមានមូលដ្ឋានលើដី និងការធ្វើតេស្តត្រួតពិនិត្យនៃបរិយាកាសអវកាសក្នុងគន្លងទាប ហើយផ្តល់សេវាកម្មសម្រាប់ការវាស់ស្ទង់បរិយាកាសលំហអាកាស និងការកែតម្រូវគំរូព្យាករណ៍គន្លង។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៥៦៨ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





