សហភាពអឺរ៉ុបត្រៀមវិធានការប្រឆាំងនឹងការដំឡើងពន្ធចំនួន ២០% របស់សហរដ្ឋអាមេរិកទៅលើទំនិញអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាត់ទុកចំណាត់ការរបស់លោកក្នុងការតំឡើងពន្ធទៅលើប្រទេសចំនួន១៨៥ ថា ជាការប្រកាសឯករាជ្យភាពសេដ្ឋកិច្ច។
លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសាម៉ាកាន់ដ៍ របស់ប្រទេសអ៊ូសបេគីស្ថាន ថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឆ្លើយតប ហើយយើងកំពុងបញ្ចប់កញ្ចប់ដំបូងនៃវិធានការតបតទៅនឹងការតំឡើងពន្ធលើដែកថែប ដោយឥឡូវនេះ យើងកំពុងរៀបចំសម្រាប់វិធានការតបតបន្ថែមទៀតដើម្បីការពារផលប្រយោជន៍ និងអាជីវកម្មរបស់យើង ប្រសិនបើការចរចាបរាជ័យ»។
លោកស្រីបាននិយាយបន្ថែមថា ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក ម៉ារ៉ូស សេហ្វកូវីក (Maros Sefcovic) កំពុងទាក់ទងយ៉ាងជិតស្និតជាមួយដៃគូសហរដ្ឋអាមេរិក។
កាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសពីការដាក់បញ្ចូលពន្ធទៅវិញទៅមកទៅលើការនាំចូលពីប្រទេសផ្សេងៗ។ អត្រាមូលដ្ឋាននឹងមាន ១០% ប៉ុន្តែដូចដែលលោក ត្រាំ បានកត់សម្គាល់ហើយថា សហរដ្ឋអាមេរិកនឹងគិតពន្ធនោះក្នុងចំនួនប្រហែលពាក់កណ្តាលនៃពន្ធដែលប្រទេសផ្សេងទៀតដាក់ទៅលើទំនិញរបស់អាម៉េរិក។
ក្រោយមក សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០% ទៅលើការនាំចូលពីបរទេសទាំងអស់នៅថ្ងៃទី០៥ ខែមេសា ខណៈដែលពន្ធខ្ពស់សម្រាប់ប្រទេសដែលមានឱនភាពពាណិជ្ជកម្មធំបំផុតនឹងចូលជាធរមាននៅថ្ងៃទី០៩ ខែមេសា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





