កូរ៉េខាងត្បូងនឹងចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការយកពន្ធគយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- ខណៈដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ពន្ធគយ ២៦% ទៅលើការនាំចូលទំនិញរបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) រដ្ឋាភិបាល និងក្រុមហ៊ុនធុរកិច្ចរបស់ប្រទេសដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់មួយនេះកំពុងស្វែងរកវិធានការដើម្បីដោះស្រាយការខូចខាតដែលអាចកើតមានចំពោះប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី១២ របស់ពិភពលោកមួយនេះ។
ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសអំពីផែនការពន្ធនោះ ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ (Han Duck-soo) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសេដ្ឋកិច្ចបន្ទាន់មួយថ្នាក់រដ្ឋមន្ត្រី ហើយបានជំរុញឱ្យរដ្ឋាភិបាលបង្កើតការឆ្លើយតបដែលមានទាំងអស់។
លោក ហាន់ បាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងសេអ៊ូលនោះថា «ដោយសារភាពតានតឹងនៃសង្គ្រាមពន្ធសកលលោកដែលកំពុងកើតឡើង រដ្ឋាភិបាលត្រូវប្រមូលធនធានដែលមានទាំងអស់ដើម្បីជំនះវិបត្តិពាណិជ្ជកម្ម»។
លោក ហាន់ បានណែនាំដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក អាន ឌុកជុន (Ahn Duk-geun) ឱ្យធ្វើការឱ្យបានយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធុរកិច្ច ដើម្បីវិភាគឱ្យបានលម្អិត និងផលប៉ះពាល់នៃពន្ធគយទៅវិញទៅមកនោះ និងឱ្យចូលរួមយ៉ាងសកម្មក្នុងការចរចាជាមួយសមភាគីសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការខូចខាតដែលអាចកើតមាន ដោយលោកបានកត់សម្គាល់ថា ការប្រកាសរបស់លោក ត្រាំ គឺជាការចាប់ផ្តើមកិច្ចចរចា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





