លោក រូប៊ីអូ៖ សហរដ្ឋអាមេរិកនឹងនៅតែបន្តជាសមាជិកនៅក្នុងអង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដើរតួយ៉ាងសកម្មនៅក្នុងអង្គការណាតូ និងចង់ឱ្យសម្ព័ន្ធមិត្តមួយនេះកាន់តែរឹងមាំបន្ថែមទៀត។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា «សហរដ្ឋអាមេរិកមានភាពយ៉ាងសកម្មក្នុងអង្គការណាតូ ដូចដែលខ្លួនបានធ្វើកន្លងមក ដោយ [ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)] មិនប្រឆាំងនឹងអង្គការណាតូទេ គឺលោកប្រឆាំងនឹងភាពខ្វះសមត្ថភាពចាំបាច់មួយចំនួនរបស់អង្គការណាតូ»។
លោកបាននិយាយថា «ភាពច្របូកច្របល់ដែលខ្ញុំឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយពិភពលោក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួននៅសហរដ្ឋអាមេរិក អំពីសហរដ្ឋអាមេរិក និងអង្គការណាតូ គឺមិនសមហេតុផលនោះទេ។ យើងចង់ឱ្យអង្គការណាតូកាន់តែរឹងមាំ យើងចង់ឱ្យអង្គការណាតូកាន់តែឋិតថេរ។ ហើយមធ្យោបាយតែមួយគត់សម្រាប់អង្គការណាតូកាន់តែរឹងមាំ និងកាន់តែស្ថិតស្ថេរនោះ គឺដៃគូរបស់យើង ហើយប្រជាជាតិដែលចូលរួមជាមួយសម្ព័ន្ធភាពដ៏សំខាន់នេះមានសមត្ថភាពកាន់តែច្រើនឡើងបន្ថែមទៀត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





