ចិនថ្កោលទោសចំពោះការតំឡើងពន្ធរបស់អាម៉េរិកថាជាលទ្ធិគាំពារនិយមពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហេ យ៉ាដុង (He Yadong) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា តាមរយៈការដំឡើងពន្ធ ២៥% របស់សហរដ្ឋអាមេរិកទៅលើការនាំចូលរថយន្ត បានងាកទៅរកលទ្ធិគាំពារនិយមពាណិជ្ជកម្មម្តងទៀត ក្រោមលេសនៃការការពារសន្តិសុខជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាណែនាំមួយ ស្តីពីការតំឡើងពន្ធ ២៥% ទៅលើការនាំចូលរថយន្តដឹកអ្នកដំណើរ រថយន្តធុនស្រាល និងគ្រឿងបន្លាស់រថយន្ត ដែលបានចាប់ផ្តើមពីថ្ងៃទី០៣ ខែមេសា។ លោកបានបញ្ជាក់អំពីវិធានការនេះជាការចាំបាច់ដើម្បីការពារសន្តិសុខជាតិ។
លោក ហេ យ៉ាដុង បានប្រកាសថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការតំឡើងពន្ធពាក់ព័ន្ធដែលដាក់ចេញដោយសហរដ្ឋអាមេរិកក្រោមផ្នែកទី២៣២»។
លោកបានសង្កត់ធ្ងន់ថា យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោកបានទទួលស្គាល់ជាយូរមកហើយថា វិធានការពន្ធរបស់សហរដ្ឋអាមេរិកដែលបានដាក់ចេញក្រោមផ្នែកទី២៣២ នេះ ជាការរំលោភទៅលើច្បាប់ពាណិជ្ជកម្មពហុភាគី។
នៅពេលមុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស្ពុតនីក (Sputnik) ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកទៅលើទំនិញចិន គឺគ្មានមូលដ្ឋាន ប៉ះពាល់ដល់ទីផ្សារពិភពលោក និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមរូបលោក បានឱ្យដឹងថា ការណែនាំអំពីពន្ធគយនេះនឹងមិនជួយដល់សហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាដែលមានស្រាប់នោះទេ ប៉ុន្តែនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់ទីផ្សារពិភពលោក និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខូចខាតដល់កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកផងដែរ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់សម្ពាធសេដ្ឋកិច្ចរបស់ខ្លួនទៅលើប្រទេសចិនទេនោះ ទីក្រុងប៉េកាំងនឹងធ្វើការឆ្លើយតបទៅវិញយ៉ាងម៉ឺងម៉ាត់ជាទីបំផុត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





