លោក អូរបេន៖ ហុងគ្រីនឹងចាកចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ខណៈដែលវាក្លាយជាឧបករណ៍នយោបាយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកតូ អូរបេន (Viktor Orban) បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ប្រទេសហុងគ្រីកំពុងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ដោយលើកឡើងថា តុលាការនេះកំពុងផ្លាស់ប្តូរទៅជាឧបករណ៍នយោបាយសុទ្ធសាធ។
លោកបាននិយាយថា «សេចក្តីសម្រេចរបស់តុលាការ ICC កាលពីពេលថ្មីៗនេះបានបង្ហាញថា វាបានក្លាយជាឧបករណ៍នយោបាយហើយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រីនឹងប្រគល់ទៅឱ្យសភាជាតិនូវឯកសារស្តីពី ការបញ្ចប់កិច្ចសហប្រតិបត្តិការរបស់យើងជាមួយតុលាការអន្តរជាតិមួយនេះ។ យើងកំពុងចាកចេញពីតុលាការ ICC»។
កាលពីក្នុងឆ្នាំ២០០០ លោក អូរបេន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ បានចុះហត្ថលេខាលើឯកសារស្តីពីការចូលជាសមាជិកតុលាការ ICC របស់ប្រទេសហុងគ្រី។ ឥឡូវនេះ លោកបាននិយាយថា ស្ថានភាពបានផ្លាស់ប្តូរហើយ ដោយលោបាននិយាយបន្ថែមថា «យើងត្រូវចុះហត្ថលេខាលើឯកសារដើម្បីដកខ្លួនចេញពីតុលាការនេះ»។ យោងតាមរូបលោកបានឱ្យដឹងថា តុលាការនៅទីក្រុងឡាអេមួយនេះ សព្វថ្ងៃនេះបានធ្វើការសម្រេចចិត្តដែលមានហេតុផលនយោបាយ និងលម្អៀង។ លោក អូរបេន បាននិយាយជាពិសេសថា «ដោយការសម្រេចចិត្តរបៀបនេះបានអនុវត្តចំពោះចំពោះសេចក្តីសម្រេចទាក់ទងនឹងអ៊ីស្រាអែល»។
កាលពីខែវិច្ឆិកាកន្លងទៅ តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅប៉ាឡេស្ទីន។ ប្រទេសហុងគ្រីបាននិយាយភ្លាមៗថា ខ្លួនបានចាត់ទុកសាលក្រមនេះថាមិនអាចទទួលយកបាន ហើយបដិសេធមិនអនុវត្តតាមដីការបស់តុលាការ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





