សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាសស្វាគមន៍គ្រប់ភាគីជាមិត្ត ដែលចង់មកហ្វឹកហ្វឺនរួមគ្នា នៅមូលដ្ឋានទ័ពរាម ចាប់ពីថ្ងៃនេះទៅ
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ចាប់ផ្តើមពីថ្ងៃនេះទៅ កម្ពុជា នឹងស្វាគមន៍ នូវភាគីមិត្តទាំងអស់ ដែលចង់មកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ ដោយគ្មានអ្វីលាក់លៀមនោះទេ។

ការថ្លែងប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់បណ្តាប្រទេសមួយចំនួន ដោយចោទកម្ពុជាថា បានយកមូលដ្ឋានទ័ពរាម ធ្វើជាមូលដ្ឋានទ័ពចិនផ្តាច់មុខ ខណៈដែលសម្តេចធិបតី បានបញ្ជាក់ជាថ្មី រដ្ឋធនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទស ក្នុងប្រទេសខ្លួនឡើយ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្ម មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ទាក់ទងនឹងការធ្វើទំនើបកម្មនៅ មូលដ្ឋានទ័ពជើងទឹករាម រាប់សិបឆ្នាំមកហើយ តែងតែមានការសង្ស័យ និងលើកជាប្រចាំ អំពីការអភិវឌ្ឍធ្វើឱ្យបាត់អធិបតេយ្យភាពរបស់កម្ពុជា ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាល់ការជួបជាមួយភាគីមិត្ត សម្តេចតែងប្រាប់ថា គ្មានពីណាការពារអធិបតេយ្យភាពកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះទេ ។
ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ការធ្វើទំនើបកម្មកងទ័ព ការបង្កើនសមត្ថភាពប្រយុទ្ធ ការពារទឹកដី ប្រឆាំងគ្រប់រូបភាពសង្គ្រាម មិនថា សង្គ្រាមរវាងកងទ័ពនិងកងទ័ព ឬសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ទាមទារឱ្យកងទ័ពកម្ពុជាកាន់តែមានមូលដ្ឋានច្បាស់លាស់ ខណៈដែលការខិតខំកន្លងទៅរបស់កម្ពុជា នៅក្នុងការពង្រឹងជាប្រចាំ កងទ័ពជើងទឹក មានចាប់តាំងសម័យសង្គ្រាម ដោយបានធ្វើប្រតិបត្តិការទាំងទឹកសាប និងទឹកប្រៃ ដើម្បីបង្កើនសមត្ថភាពនៅក្នុងការការពារ និងការប្រមូលព័ត៌មានក្នុងដែនសមុទ្ររបស់ខ្លួន ។
សម្តេចធិបតី សង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពខាងលើនេះ ធ្វើឡើងក្នុងការទប់ស្កាត់នូវការជ្រៀតចូលនៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀន អាវុធ និងមនុស្ស ដែលសុទ្ធតែប្រើប្រាស់ឧបករណ៍ទំនើបរបស់អន្តរជាតិ ទាមទារឱ្យកម្ពុជា មានសមត្ថភាព ចេញល្បាតរយៈចម្ងាយឆ្ងាយ ដើម្បីការពារដែនសមុទ្ររបស់ខ្លួន ។
សម្តេចធិបតី មានប្រសាសន៍ថា "ឥឡូវកុំពិបាក កាលពី៣-៤ឆ្នាំមុន ដែលយើងបិទមូលដ្ឋានរាម ដើម្បីធ្វើការងារកសាង ទំនើបកម្មនេះ ចាប់ពីឆ្នាំ២០២២មក គេសួរថាបិទធ្វើអី ចង់លាក់បន្ទាយរាមធ្វើអ្វី? តើធ្វើនេះ ដើម្បីអ្វី ម្តេចក៏ចូលមិនបាន ខ្ញុំថា គេកំពុងតែលើកដាក់ គេកំពុងតែសាងសង់ ចូលទៅក្រែងដែកមួយដុំធ្លាក់លើវាបញ្ហា មិនថាភាគីណាទេ គឺយើងពេលនោះ គឺយើងសុំការយោគយល់ ហើយធ្វើ ហើយខ្ញុំប្រាប់ថា តាបើកហើយយើងនឹងស្វាគមន៍ទាំងអស់ ថ្ងៃនេះ នឹងចាប់ផ្តើមពីថ្ងៃនេះទៅ កម្ពុជា នឹងស្វាគមន៍ នូវភាគីមិត្តទាំងអស់ ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ យើងគ្មានអ្វីលាក់លៀមទេ"៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





