ស្វាយខ្ទិះបាត់ដំបងដែលស្ទើរតែផុតពូជនោះ លក់បានថ្លៃនៅលើទីផ្សារ
AKP បាត់ដំបង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ -- ស្វាយខ្ទិះបាត់ដំបង គឺជាប្រភេទស្វាយម្យ៉ាងរបស់ខ្មែរយើងដែលមានតាំងពីដើមនៅលើទឹកដីនេះ និងមានរសជាតិប្លែកប្រចាំតំបន់។ ស្វាយខ្ទិះបាត់ដំបងមានផ្លែតូចៗ ហើយគេមិនចាំបាច់បន្ទុំ ឬទុកឱ្យទុំដើមទេ ដោយសារតែស្វាយនេះមានរសជាតិផ្អែមតាំងពីខ្ចីរហូតចាស់។

បច្ចុប្បន្ននេះគេសង្កេតឃើញថា ដើមស្វាយខ្ទិះនៅតាមភូមិនានាក្នុងខេត្តស្ទើរតែផុតពូជទៅហើយ ព្រោះដើមចាស់ត្រូវគេកាប់ចោល និងកម្រឃើញគេដាំបន្តទៀតណាស់។ នៅរដូវចូលឆ្នាំខ្មែរ ស្វាយខ្ទិះកំពុងហុចផលដំបូងដោយអាចលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ព្រោះវាមិនសូវសំបូរតែមានតម្រូវការច្រើន។

លោកស្រី ស៊ុន ផល្លា ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃលោកស្រីប្រកបមុខរបរលក់ផ្លែឈើនៅផ្សារណាត់ហើយលោកស្រីបានដើរប្រមូលទិញស្វាយខ្ទិះនៅភូមិរបស់លោកស្រីដើម្បីយកមកលក់។

លោកស្រី ស៊ុន ផល្លា បានបន្ថែមថា សព្វថ្ងៃនេះ តម្លៃផ្លែស្វាយខ្ទិះដែលលោកស្រីយកមកលក់នៅលើទីផ្សារ គឺអាចបានដល់ទៅ ៨.០០០រៀល ទៅ ១២.០០០រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃខ្ពស់មួយ ដោយសារតែនៅតាមភូមិគេមិនសូវឃើញមានស្វាយខ្ទិះ ដូច្នេះហើយទើបតម្លៃលក់បានខ្ពស់ ។
លោកស្រីបានបន្តថា ក្នុងការទិញស្វាយខ្ទិះយកមកលក់នៅលើទីផ្សារ គឺក្នុងមួយថ្ងៃអាចលក់បានពី ១៥ ទៅ ២៥គីឡូក្រាម ប៉ុន្តែលោកស្រីបានទស្សន៍ទាយថា នៅថ្ងៃចូលឆ្នាំខាងមុខនេះ តម្លៃស្វាយខ្ទិះអាចនឹងធ្លាក់ចុះមកវិញ ដោយសារតែដើមដែលនៅសេសសល់ផ្សេងៗទៀតចាប់ផ្តើមចេញផ្លែ ដូច្នេះវាមិនអាចបានតម្លៃដូចពេលនេះឡើយ។
លោក ពិន សាយ រស់នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានដើមស្វាយខ្ទិះ ៥ដើមបានឱ្យដឹងថា លោកបានរក្សាទុកស្វាយខ្ទិះទុកកុំឱ្យដាច់ពូជ និងទុកបេះផ្ញើបងប្អូនហូបឱ្យស្គាល់ និងចងចាំរសជាតិស្វាយស្រុកកំណើត ព្រោះឥឡូវមានតែស្វាយខ្ទិះនាំចូលពីស្រុកគេមកលក់គ្រប់កន្លែងតែមិនឆ្ងាញ់ទេ ហើយបើមានគេមកទិញក៏លក់បានថ្លៃគួរសមដែរ។
ទោះបីជាស្វាយខ្ទិះបាត់ដំបងមានតម្លៃខ្ពស់នៅលើទីផ្សារក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាពលរដ្ឋហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដាំដូចស្វាយកែវល្មៀតនោះឡើយ គេមិនដឹងថានេះដោយសារតែកង្វះខាតពូជឬយ៉ាងណានោះទេ៕
ដោយ: សុផល





