កុលបុត្រ ១០៨រូបត្រូវបានបំបួសដើម្បីអប់រំសីលធម៌ក្នុងរយៈពេលខ្លី
AKP សៀមរាប ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ -- សាលាអនុគណក្រុងសៀមរាបសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងដោយទទួលបានការគាំទ្រពីព្រះសង្ឃ និងពុទ្ឋបរិស័ទមកពីប្រទេសភូមា បានរៀបចំពិធីកោរសក់ បំបួសកុលបុត្រចំនួន ១០៨រូប នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រោមព្រះវត្តមាន និងវត្តមានព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណៈកិត្តិយស ព្រះធម្មធរគណខេត្ត ជាព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ព្រមទាំងអង្គភាពមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមាតាបិតា អាណាព្យាបាលកុលបុត្របំបួស(នាគ)យ៉ាងច្រើនកុះករ។ ហើយពិធីកោរសក់បំបួសកុលបុត្រទាំង ១០៨រូបនេះ ប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីអប់រំសីលធម៌ក្នុងរយៈពេលខ្លីជូនដល់កុលបុត្រទាំងនេះ។

នៅក្នុងពិធីបំបួសនាគនោះ លោក ឌី រ៉ាដូ បានឱ្យដឹងថា ពិធីកោរសក់ បួងសក់ដល់កុលបត្រកុលធីតានាពេលនេះ គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងដ៏យូរលង់ណាស់មកហើយ ដែលជាកម្មវិធីមួយត្រូវធ្វើមុនពេលបួសតាមក្រឹត្យក្រមព្រះវិន័យព្រះពុទ្ធសាសនា។ ហើយការស្ម័គ្រចិត្តលះបង់សក់ ជាទីស្រឡាញ់នេះ គឺជាការលះបង់មួយដ៏អស្ចារ្យក្នុងភាពជាយុវវ័យ ដើម្បីសាងផ្នួស បួសសងគុណ តបគុណលោកឪពុក អ្នកម្តាយ និងអ្នកមានគុណទាំងឡាយ ជាពិសេសបានបំពេញនាទីជាកូនប្រុសតាមប្រពៃណីខ្មែរ។

លោកអភិបាលរងខេត្តបានឱ្យដឹងទៀតថា តាមទំនៀមប្រពៃណីខ្មែរ កូនប្រុសត្រូវតែសាងផ្នួសបួសជាភិក្ខុ ឬសាមណេរ ទោះក្នុងរយៈពេលវែង ឬរយៈពេលខ្លីក៏ដោយ ហើយត្រូវបានគេឱ្យតម្លៃថា «បួសជាសាមណេរសងគុណម្ដាយ ហើយបួសជាភិក្ខុសងគុណឪពុក» ទៀតផង។ ហើយនៅក្នុងខេត្តសៀមរាប វិស័យពុទ្ធសាសនាបានរួមចំណែកធ្វើឱ្យរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកសិក្សាផងដែរ។

លោក ឌី រ៉ាដូ បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាមានការរីកចម្រើនដូចរៀបរាប់ខាងលើក៏ដោយ ក៏យើងត្រូវតែធ្វើឱ្យប្រសើរឡើងថែមទៀតនូវកត្តាសំខាន់ៗមួយចំនួន ដូចជាពង្រឹងការអនុវត្តនូវខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃឲ្យមានប្រសិទ្ធភាព ការពង្រឹងតួនាទី និងភារកិច្ច មន្ត្រីសង្ឃគ្រប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង កាត់បន្ថយអធិករណ៍ក្នុងវត្តអារាមឱ្យកាន់តែតិចទៅៗ និងឈានទៅលុបបំបាត់ទាំងស្រុងតែម្តង ហើយត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តអារាម និងការពង្រឹងពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ជាពិសេសការបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្ត ស្រឡាញ់គោរព សណ្តោស និងការដឹងគុណនៃអ្នកមានគុណទាំងឡាយរបស់ពលរដ្ឋខ្មែរ។ ក្នុងពិធីនោះដែរ លោក ឌី រ៉ាដូ ក៏បាននាំយកបច្ច័យរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបចំនួន ២លានរៀល ដើមី្បយកទៅប្រើប្រាស់ក្នុងពិធីកោរសក់ បំបួសកុលបុត្រនេះផងដែរ៕







ដោយ: ហង្ស សៀក





