សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ៖ ការរៀបចំប្លង់មេសម្រាប់់វត្តអារាមក្នុងឧទ្យានអង្គរគឺសំខាន់ណាស់សម្រាប់ព្រះពុទ្ធសាសនា និងតម្លៃវប្បធម៌
AKP សៀមរាប ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦--សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣និងជាតំណាងដ៏ខ្ពស់ខ្ពស់ របស់សម្តេចព្រះសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយកគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា នៅក្នុងកម្មវិធីផ្សព្វផ្សាយផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរលើកទី១ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌ បានគាំទ្រចំពោះអាជ្ញាធរជាតិអប្សរា ដែលរៀបចំផ្សព្វផ្សាយប្លង់មេ ដើម្បីកែប្រែទីរាអាមក្នុងឧទ្យានអង្គរនេះដែរ។

ព្រះអង្គមានព្រះថេរៈដីកាថា ប្លង់មេ សម្រាប់់រៀបចំទីអារាមនេះ គឺសំខាន់ណាស់សម្រាប់សាសនា តម្លៃវប្បធម៌ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសខ្មែរទាំងមូល។
សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានធ្វើការអំពាវនាវឱ្យព្រះគ្រូចៅអធិការវត្ត ដែលស្ថិតក្នុងឧទ្យានអង្គរ ព្រមទាំងមន្ត្រីសង្ឃក្នុងខេត្តសៀមរាប ដែលដឹកនាំដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវស្រុះស្រួលគ្នា ធ្វើយ៉ាងណារៀបចំអារាមជាច្រើនក្នុងតំបន់ឧទ្យានអង្គរឱ្យបានល្អ។

លោក ស៊ឹម ប៊ុនធឿន ប្រធាននាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ របស់អាជ្ញាធរជាតិអប្សរា ដែលជាអ្នករៀបចំប្លង់មេនោះ បានថ្លែងថា សំណង់របស់ប្រាសាទបុរាណនៅកម្ពុជាគឺជាទីសក្ការៈដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលកំពុងធ្វើឱ្យភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍ខ្លាំង។ ប៉ុន្តែនៅកម្ពុជាបច្ចុប្បន្ន ភ្ញៀវទេសចរណ៍ក៏ចាប់អារម្មណ៍ទៅលើទីវត្តអារាមនៃព្រះពុទ្ធសាសនា ដែលមានវត្ថុសំខាន់ៗដូចជាសំណង់មានសិល្បៈពិសេសៗរស់រវើក ឆ្លើយតបទៅនិងវប្បធម៌ ដែលប្រទេសផ្សេងទៀតពុំមាន រួមនិងសម្រស់បរិស្ថាន ដែលកាន់តែជួយទាក់ទាញផងដែរ។ លោកថាដោយសារតែទីវត្តអារាមមានវប្បធម៌ ប្រពៃណីខ្មែរ ក្នុងការផ្សាភ្ជាប់គ្នាទៅនិងប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ទើបអាជ្ញាធរជាតិអប្សរា រៀបចំផ្សព្វផ្សាយប្លង់មេ ឱ្យមានការរៀបចំវត្តអារាម ដែលស្ថិតក្នុងតំបន់ឧទ្យានអង្គរ ឱ្យមានរបៀបរៀបរយ ត្រឹមត្រូវទៅតាមក្បួនខ្នាតនៃព្រះពុទ្ធសាសនា ជំនឿនិងប្រពៃណីវប្បធម៌ របស់ខ្មែរ ដែលធ្លាប់មានជាយូរមកហើយ ដោយមិនអាចឱ្យមានការរៀបចំវត្តស្រេចតែតាមការនឹកឃើញនោះឡើយ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះថេរៈសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រ ចំពោះប្លង់មេ នៃការរៀបចំទីអារាមក្នុងឧទ្យានអង្គរឱ្យបានត្រឹមត្រូវនេះ ។ព្រះអង្គមានព្រះថេរៈដីកាថា គោលបំណងនៃការរៀបចំវត្តអង្គរខាងជើង ឱ្យមានរបៀប គឺដើម្បីធ្វើទីនោះ ឱ្យក្លាយទៅជាវត្តព្រះពុទ្ធសាសនា លើវិស័យទេសចរណ៍ ។

លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា បំណងកែប្រែទីវត្តអារាមទាំងពេលនេះនិងពេលខាងមុខក្តី គឺដើម្បីផលប្រយោជន៍សម្រាប់ព្រះសង្ឃផង បង្ហាញពីតម្លៃនៃព្រះពុទ្ធសាសនាផង ព្រមទាំងរៀបចំឱ្យត្រឹមត្រូវនូវរឿងរ៉ាវនៃសាសនា សម្រាប់ទុកឱ្យជនបរទេសនិងកូនខ្មែរជំនាន់ក្រោយៗ បានរៀនសូត្រនិងស្វែងយល់ផង។

សូមបញ្ជាក់ថា ប្លង់មេជំហានដំបូងមានវត្តចំនួន៥ រួមមានវត្តអង្គរខាងជើង វត្តអង្គរខាងត្បូង ដែលនៅជិតប្រាសាទអង្គរវត្ត វត្តព្រះវិហារ៧ល្វែង វត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព ដែលនៅក្នុងបរិវេណនៃប្រាសាទអង្អង្គរធំ។ជំហានបន្តនឹងអនុវត្តន៍ទៅលើទីអារាមចំនួន៣០ផ្សេងទៀត ដែលស្ថិតនៅលើផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡាក្នុងឧទ្យានអង្គរដែរ ឱ្យបានល្អនៅពេលខាងមុខ៕
ដោយ ឃុត សៅ





