លោកជំទាវ កែវ ចរិយា ជួបសំណេះសំណាលជាមួយនិវត្តន៍ជនរបស់សមាគមសង្គហៈ
AKP កណ្ដាល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ដ បុគ្គលិក មន្រ្ដីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និង ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមាណជាង ៧២ នាក់ នៅសាលប្រជុំបណ្ដោះអាសន្នសាលាខេត្តកណ្ដាល ។

ពិធីសំណេះសំណាលត្រូវបានរៀបចំឡើងដើម្បីផ្ដល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរិតចំណងមិត្ដភាព សាមគ្គីភាព និងសង្គហធម៌ រវាងអតីតមន្រ្ដីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ការគោរព ភាពស្និតស្នាល និង បង្ហាញពីការគិតគូរដល់អតីតមន្ត្រីរាជការដែលធ្លាប់មានគុណបំណាច់ ក្នុងការបំរើការងារជូនក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជូនរាជរដ្ឋាភិបាល និងជូនជាតិមាតុភូមិ នាពេលកន្លងទៅ ។ គោលបំណង១ទៀតនោះ គឺដើម្បីជួបគ្នាមុនពីធីអបរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់ពេលឆាប់ៗនេះ។

ក្នុងពិធីនេះក៏មានការឧបត្ថម្ភជូនដល់និវត្តន៍ជនដែលបានចូលរួមទាំង៧២រូប ដោយម្នាក់ទទួលបានថវិកាសរុប៣០ម៉ឺនរៀល និងក្រម៉ា១ សម្រាប់បុរស និងសឹង១ ក្បិន សម្រាប់ស្ត្រី ដែលជាអំណោយរបស់លោកជំទាវ អ៊ុម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន។ ក្នុងនោះសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមឧបត្ថម្ភថវិកា ១០ម៉ឺនរៀល អង្គភាពទាំង៣ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មានពន្ធដារ រតនាគារ និងមន្ទីរសេដ្ឋកិច្ច ក៏បានចូលរួមឧបត្ថម្ភចំនួន១០ម៉ឺនរៀល រដ្ឋបាលខេត្តកណ្ដាលក៏បានចូលរួមឧបត្ថម្ភ ១០ម៉ឺនរៀលទៀតផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





