រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសម្រេចបានសមិទ្ធផលជាច្រើន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដាក់ឱ្យដំណើរការឌីជីថលចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍប្រព័ន្ធឌីជីថលចំនួន១០ នៅក្នុងដំណើរការឈានទៅសម្រេចការងារថ្មី និងពង្រឹងប្រព័ន្ធទាំង១២នោះ គឺអគ្គនាយកដ្ឋានបានបណ្ដុះបណ្ដាលធនធានមនុស្ស ជាក់ស្ដែងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានបណ្ដុះបណ្ដាលធនធានមនុស្សចំនួន១៧២០នាក់ ក្នុង២២វគ្គ។

សូមជម្រាបជូនថា ប្រព័ន្ធដែលកំពុងអភិវឌ្ឍទាំង១០មានដូចជា ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ប្រព័ន្ធថ្នាលផ្លាស់ប្ដូរទិន្នន័យក្រសួងមហាផ្ទៃ គម្រោងតភ្ជាប់បីប្រព័ន្ធច្រកចេញចូលតែមួយទៅកាន់ប្រព័ន្ធមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រព័ន្ធគ្រប់គ្រងអាវុធ គម្រោងតភ្ជាប់ទិន្នន័យនៃការចុះបញ្ជីយានយន្ត ការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្ត និងការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ចុះបញ្ជី និងគ្រប់គ្រងទិន្នន័យសមាគមរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនទីព្រំប្រទល់រដ្ឋបាលដែនដីរបស់អគ្គនាយដ្ឋានរដ្ឋបាល និងការងារបណ្ដុះបណ្ដាលធនធានមនុស្ស។
សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានចុះហត្ថលេខានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លើអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំចំណុះក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានបង្កើតឡើងដោយមានការផ្ទេរនាយកដ្ឋានពីអង្គភាពផ្សេងចំនួនពីរមកជាចំណុះ រួមមាន នាយកដ្ឋានព័ត៌មានវិទ្យាពីអគ្គលេខាធិការដ្ឋាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





