រដ្ឋាភិបាលកូរ៉េ ចាប់ផ្តើមគម្រោង KOICA ដែលផ្ដល់ថវិកា ១១,៧លានដុល្លារ ដើម្បីជំរុញកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែ មេសា ឆ្នាំ ២០២៥
ទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងមុខងារសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្លាស់ប្តូរកំណត់ហេតុនៃកិច្ចពិភាក្សា(RD)ជាផ្លូវការសម្រាប់គម្រោងស្តីពីការពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល(RSA)សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការពង្រឹងកម្ពុជា។

គំនិតផ្តួចផ្តើមគម្រោងនេះ មានរយៈពេលប្រាំឆ្នាំ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលមានថវិកាសរុបចំនួន១១,៧លានដុល្លារអាមេរិក មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃរដ្ឋបាលសាធារណៈរបស់កម្ពុជា តាមរយៈការកសាងសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងត្រៀមខ្លួនជាស្រេចនាពេលអនាគត។ កំណត់ហេតុនៃកិច្ចពិភាក្សា(RD)ត្រូវបានផ្លាស់ប្តូរតាមរយៈការឆ្លើយឆ្លងជាផ្លូវការរវាងភាគីទាំងពីរ ដោយបង្ហាញពីកិច្ចព្រមព្រៀងផ្លូវការ ដើម្បីអនុវត្តន៍គម្រោងពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។
គម្រោងនេះត្រូវបានតម្រឹមជាយុទ្ធសាស្ត្រ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ (២០២៤-២០២៨)និងចក្ខុវិស័យរយៈពេលវែង២០៥០ ជាពិសេស វារួមចំណែកដោយផ្ទាល់ដល់អាទិភាពជាតិនៃការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គម គាំទ្រដល់មហិច្ឆតារបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈ និងជំរុញអភិបាលកិច្ចល្អ។
គំនិតផ្តួចផ្តើមគម្រោងនេះ រួមមាន ការបង្កើតកម្មវិធីសិក្សាជាតិសម្រាប់មន្ត្រីរាជការ ដែលគាំទ្រដោយការសាងសង់មជ្ឈមណ្ឌលសិក្សាថ្មី និងការបង្កើតវេទិកាអប់រំឌីជីថល ដែលអាចប្រើប្រាស់បានដល់មន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា គម្រោងនេះនឹងបង្កើតកម្មវិធីសិក្សា និងខ្លឹមសារបណ្តុះបណ្តាលលម្អិតសម្រាប់ការអប់រំបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ICT សមស្របទៅនឹងតម្រូវការវិវត្តនៃរដ្ឋាភិបាលឌីជីថល។ កម្មវិធីនេះនឹងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការក្នុងការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថលក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។

តាមរយៈវេទិកាអនឡាញមន្ត្រីសាធារណៈទូទាំងប្រទេស មិនថាទីតាំងរបស់ពួកគេនៅទីណាក៏ដោយ ពួកគេនឹងមានលទ្ធភាពទទួលបានមាតិកាបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់។ តាមរយៈការជម្នះឧបសគ្គនៃហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងធនធានគ្រូមានកម្រិត គម្រោងនេះ ធានានូវឱកាសសិក្សាដែលរួមបញ្ចូល និងបន្ត និងរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលជាតិរយៈពេលវែង។
លោកស្រី ឆយ មូន ជុង ( CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ KOICA ចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដោយគម្រោងនេះ គឺជាមូលដ្ឋានគ្រឹះនៃការគាំទ្ររបស់ KOICA សម្រាប់កំណែទម្រង់អភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ លោកស្រីបញ្ជាក់ថា៖ «តាមរយៈការពង្រឹងសាលាភូមិន្ទរដ្ឋបាល យើងមានគោលបំណងចូលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសក្នុងវិស័យអាទិភាពនៃបរិវត្តកម្មមូលធនមនុស្សនិងឌីជីថល»។
ជាមួយគ្នានេះ គំនិតផ្តួចផ្តើមនេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់មន្ត្រីរាជការថ្នាក់កណ្តាលប្រមាណប្រហែល ៣៩ 000នាក់ ក៏ដូចជាជះឥទ្ធិពលដល់មន្ត្រីរាជការមូលដ្ឋានប្រហែល ១៧២ ០០០ នាក់ តាមរយៈប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលដែលប្រសើរឡើង។
គម្រោងនេះ ក៏ឆ្លើយតបទៅនឹងកំណែទម្រង់មុខងារសាធារណៈនាពេលថ្មីៗនេះ ដែលផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រឡងសេវាសាធរណៈជាតិស្តង់ដារ។ ក្នុងនាមជាស្ថាប័នអនុវត្តន៍កំណែទម្រង់ទាំងនេះ សាលាភូមិន្ទរដ្ឋបាល (RSA) នឹងទទួលបានការគាំទ្រពីស្ថាប័នសំខាន់ៗតាមរយៈជំនួយរបស់ កយកា-KOICA ដើម្បីលើកកម្ពស់តួនាទី និងសមត្ថភាពរបស់ខ្លួន។
លោកស្រី ឆយ មូន ជុង បានបន្ថែមថា ការគាំទ្ររបស់ KOICA គ្របដណ្តប់លើការបញ្ជូនអ្នកជំនាញ ការអភិវឌ្ឍយុទ្ធសាស្ត្រធនធានមនុស្សថ្នាក់ជាតិ ការរចនាកម្មវិធីសិក្សា ការអភិវឌ្ឍប្រព័ន្ធការផ្តល់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា (ICT) និងសម្ភារ បរិក្ខារអប់រំ និងកម្មវិធីកសាងសមត្ថភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈបានប្តេជ្ញាផ្តល់ដី និងធនធានស្ថាប័ន ដើម្បីធានាបាននូវការអនុវត្តគម្រោងនេះដោយរលូន។
ជាមួយនឹងគំនិតផ្តួចផ្តើមនេះ KOICA បានបន្តបញ្ជាក់ឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់កម្ពុជា។ ភាគីទាំងពីរ កម្ពុជា-កូរ៉េ នឹងធ្វើការរួមគ្នាដើម្បីបង្កើតសាលាភូមិន្ទរដ្ឋបាល ឱ្យទៅជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់នវានុវត្តន៍វិស័យសាធារណៈ និងការកសាងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ រិទ្ធី ប្រភព៖ KOICA





