ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខយោធិនតាមបណ្តាកោះ របស់កងទ័ពជើងទឹក
AKPភ្នំពេញថ្ងៃទី៤ខែមេសា ឆ្នាំ២០២៥ --
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ខភម ព្រមទាំង ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកដែលឈរជើងនៅតាមបណ្តាកោះ និងទិសខេត្តកោះកុង យោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហរសមុទ្របានសម្តែងការស្វាគមន៍ដោយបានបញ្ជាក់ថា៖ សមុទ្រប្រទេសកម្ពុជា លាតសន្ធឹងតាមខេត្តចំនួន៤ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា៖ ជាមួយថៃ កងទ័ពជើងទឹក នៃខភម បានសហការរៀបចំប្រតិភូធ្វើទស្សនកិច្ចការងារ និងកិច្ចប្រជុំប្តូរវេនជាមួយកងការពារចន្ទ័បុរី ត្រាត បានចំនួន២២លើក។ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ កងទ័ពជើងទឹកភូមិន្ទថៃ បានកំពុងបន្តកិច្ចសហប្រតិការរួមគ្នា ជាពិសេសក្នុងការទំនាក់ទំនងផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក អំពីការពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្សេងៗ។

ក្នុងនោះដែរ អគ្គលេខាធិការ នៃគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រ ក៏បានសហការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ថៃ នៃកងទ័ពជើងទឹកភូមិន្ទថៃ ក្នុងការបង្កើតទំនាក់ទំនង ផ្លាស់ប្ដូរព័ត៌មាន អនុវត្តបេសកម្មរួមគ្នា ក្នុងការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ររួមមាន៖ ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការរុករកជួយសង្គ្រោះ, ចោរកម្ម និងបទល្មើសផ្សេងៗ និងបានរៀបចំកិច្ចប្រជុំប្ដូរវេនចំនួន១៨លើក។ ជាមួយវៀតណាម កិច្ចសហប្រតិកប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកប្រជាជនវៀតណាម ឆ្លងកាត់អស់រយៈពេល២០ឆ្នាំ ដោយមានកិច្ចព្រមព្រៀងធ្វើការល្បាតរួមគ្នា និងការបង្កើតប្រព័ន្ធរលកទាក់ទង រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ បានអនុវត្តសម្រេចដោយជោគជ័យ នៅក្នុងការល្បាតរួមចំនួន៧៨លើក និងចាត់តាំងកិច្ចប្រជុំដកពិសោធន៍ចំនួន៣៤លើក។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក បានបញ្ចាក់ទៀតថា៖ កងទ័ពជើងទឹក បានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូណភាពទឹកដី កោះ ឆ្នេរ ព្រមទាំងបណ្តាភូមិសាស្រ្តដទៃទៀត ទទួលលទ្ធផលប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកក្នុងការធានានៅស្ថេរភាព សុវត្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានចម្បងក្នុងការធានា ឲ្យមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាឱកាសនេះ ឯកឧត្តម ទៀ សីហា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងពាំនាំការនឹករលឹកពី សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់កងទ័ពជើងទឹកទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តម ទៀ សីហា បានសំដែងនូវការកោតសរសើរចំពោះ នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក ដែលឈរជើងនៅតាមបណ្តាកោះទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី កោះ ឆ្នេរ និងទប់ស្កាត់ បង្រ្កាបបទល្មើសនានា ធានាបានសន្តិសុខ សុវត្ថិភាពលើផ្ទៃសមុទ្រ។ ឯកឧត្តម ទៀ សីហា បានផ្តាំផ្ញើដល់កងទ័ពជើងទឹកទាំងអស់ ត្រវប្រកាន់គោលជំហររឹងមាំ គោរពអោយបាននូវរាល់បទបញ្ជា, ច្បាប់ ត្រូវសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងអំពីគុណតម្លៃ នៃសន្តិភាព ដែលកម្ពុជាទទួលបានរហូតមកដល់ពេលនេះ មានតម្លៃ មិនអាចកាត់ថ្លៃបាន ដែលបានធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងន័យនេះ ឯកឧត្តម ជំរុញកងទ័ពជើងទឹកត្រូវការពារសន្តិភាព អោយបានគង់វង្ស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក ដែលឈរជើងនៅតាមបណ្តាកោះ និងទិសខេត្តកោះកុង យោធភូមិភាគទី៣ ទាំងអស់ សូមទទួលបានជោគជ័យ សិរីសួរស្ដី ជ័យមង្គលក្នុងឆ្នាំថ្មី សូមមានកម្លាំងខ្លាំងក្លា បញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ច។ ឯកឧត្តម ទៀ សីហា ក៏ប្រគល់ថវិកាជូនដល់កងទ័ពជើងទឹក ដែលឈរជើងនៅតាមបណ្តាកោះ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ៕
ដោយ ៖ សំ សាម៉ន





