ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- តាមការគ្រោងទុក នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ និវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ ជាការរំលេចអំពីបរិបទពិភពលោក និងតំបន់ ជាមួយនឹងបច្ចុប្បន្នភាពទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជាដោយលោក Milan Thomas សេដ្ឋកិច្ចវិទូប្រចាំប្រទេស និងលោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលនឹងមានការ ថ្លែងចំណាប់អារម្មណ៍ដោយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ នេះបើតាមការជូនដំណឹងរបស់និវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីចំពោះអ្នកសារព័ត៌មានដែលនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយមួយនេះ។

និវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ជំពូកស្តីពីកម្ពុជានេះនឹងពិភាក្សាអំពីបច្ចុប្បន្នភាពកំណើន និងការព្យាករអតិផរណារបស់ ADB សម្រាប់ប្រទេសក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ របាយការណ៍នេះផ្តល់ការវិភាគស៊ីជម្រៅអំពីកម្ពុជា ព្រមទាំងហានិភ័យសម្រាប់ទស្សនវិស័យនេះ ដែលរួមមាន កំណើនយឺតជាងការរំពឹងទុកនៃដៃគូពាណិជ្ជកម្មនានា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសាររបាំងពាណិជ្ជកម្មខ្ពស់ ការកើនឡើងប្រាក់កម្ចីដែលមិនដំណើរការ ដែលរំខានដល់កំណើន និងស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ និងលក្ខខណ្ឌអាកាសធាតុអាក្រក់ និងបញ្ហាប្រឈមផ្នែកគោលនយោបាយដើម្បីធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តបច្ចេកវិទ្យាឌីជីថល៕
ដោយ៖ ចាន់ សុភឿន





