មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរជាដៃគូ ដែលបានខិតខំចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតាមរយៈការផលិតជាវីដេអូអប់រំខ្លី ចំណាប់អារម្មណ៍តារានៅក្នុងកម្មវិធីសម្តែងផ្សេងៗ ដើម្បីធ្វើការបញ្ជ្រាបខ្លឹមសារអប់រំជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ការវាយតម្លៃចំពោះសមាគមសិល្បករខ្មែររបស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចនេះធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំទូទៅ និងក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកជំទាវ នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ ក៏បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលតែងតែធ្វើការសហការជួយដល់សកម្មភាពផលិតក៏ដូចជាខ្លឹមសារដែលអាចឱ្យសិល្បករ សិល្បការិនី ជាសមាជិករបស់សមាគមបានយកទៅប្រើប្រាស់ ដើម្បីជាសារជម្រាបជូនសាធារណជនអ្នកទស្សនាក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹង និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលសកម្មភាពបែបនេះនឹងត្រូវបន្តធ្វើតទៅទៀត ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរក៏បានលើកឡើងពីគម្រោងការនៃការថតរឿងអប់រំខ្លីស្ដីពីបញ្ហាគ្រឿងញៀនដើម្បីចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា សំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំឱ្យបានកាន់តែផុលផុស៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)





