កងពលតូចអន្តរាគមន៍លេខ ១៤បូក ប្រជុំសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប្រាក់ វណ្ណាដា មេបញ្ជាការ និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ១៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការរង និងជានាយសេនាធិការកងពល បានផ្សព្វផ្សាយអំពីសភាពការជាតិ អន្តរជាតិ គ្រោះធម្មជាតិរញ្ជួយដី និងនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់ ចូលរួម ការកសាង ពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ ក្នុងអង្គភាពគោរពបទវិន័យទូទៅ នៅកងយោធពលខេមរភូមិន្ទ បទបញ្ជាផ្ទៃក្នុង មិនត្រូវចូលរួម ឬ ពាក់ព័នបទល្មើសការកាប់ទន្រ្ទានព្រៃឈើ ជាធនធានធម្មជាតិ កុំរក្សាទុក ឬប្រើប្រាស់ គ្រឿងញៀន។ ត្រូវប្រមូលផ្តុំ កម្លាំង១០០ភាគរយនៅទីបញ្ជាការ ត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុ គោរព អនុវត្តន៍ តាមបទបញ្ជា ត្រៀមការពារសន្តិសុខជូន ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេល ខាងមុខ។ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានស្នាដៃ សមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់របស់សិក្ខាសាលាថ្ងៃនេះ ដែលជាឱកាសក្នុងការរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងអនុសាសន៍ល្អៗ កែលម្អចំណុចខ្វះខាត និងរកឱ្យឃើញបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិស និងដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានស្នាដៃជាច្រើនទៀតក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឱ្យបន្តខិតខំបំពេញការកិច្ចទទួលបានជោគជ័យថែមទៀត រួមចំណែកបង្កើនល្បឿនកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានប្រគល់បណ្ណ លិខិតសរសើរ និងថវិកាជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ច ទទួលបានលទ្ធផលល្អ នាឆ្នាំ២០២៤កន្លងមក៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





