វគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន»
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP-UP) ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន» នៅអគារធនធាននៃវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក្រុមការងារគ្រូឧទ្ទេសថ្នាក់ជាតិផ្នែក CGC មានអ្នកចូលរួមសរុប ១៣១នាក់។

លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានជំនាញ បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះថាជាការអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅ លើផ្នែកទ្រឹស្ដី ការដឹកនាំយន្ដការបច្ចេកទេស និងសកម្មភាពការងារនានា ក្នុងដំណើរការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងក្របខណ្ឌគម្រោង STEP-UP សំដៅពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន។ បន្ថែមលើនេះ លោកប្រធាន បានមានមតិផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមក្នុងដំណើរការវគ្គឱ្យបានសកម្ម និងប្រឹងប្រែងសិក្សារៀនសូត្រ ទទួលយកចំណេះដឹងថ្មី ដើម្បីមានលទ្ធភាពកាន់តែប្រសើរក្នុងការគ្រប់គ្រង ដឹកនាំអនុវត្តសកម្មភាពនេះ នៅតាមសាលារៀនរបស់ខ្លួន។

គួររំលឹកផងដែរថា ផ្អែកតាមផែនការប្រតិបត្តិឆ្នាំ២០២៥ របស់គម្រោង STET-UP នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនឹងត្រូវអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន នៅតាមវិទ្យាល័យធនធានចំនួន៥០ (បន្ដពីគម្រោង USESDP2) និងពង្រីកទៅកាន់វិទ្យាល័យគោលដៅថ្មីរបស់គម្រោងចំនួន ៥០ រួមមាន វិទ្យាល័យធនធានចិន ៧ វិទ្យាចំណេះទូទៅនិងបច្ចេកទេស ៤ និងវិទ្យាល័យបណ្ដាញ ៣៩ ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវរៀបចំឡើងជាស៊េរីចំនួន ០៣វគ្គ ស្មើនឹង ៦ក្រេឌីត ដោយត្រូវបែងចែកសិក្ខាកាមជា ០២ក្រុមផ្សេងគ្នាដែល ១ក្រុម មានចំនួន ២៥សាលារៀន មានសិក្ខាកាមសរុប៧៥នាក់៕


ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





