រដូវចូលឆ្នាំទៅភ្លក់រសជាតិហ្មុកបាត់ដំបងដែលល្បីរសជាតិឆ្ងាញ់ប្រចាំតំបន់
AKP បាត់ដំបង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥-- រៀងរាល់ពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអាជ្ញាធរខេត្តបាត់ដំបងតែងតែរៀបចំការតាំងពិព៌ណនិងស្តង់លក់ម្ហូបអាហារប្រចាំខេត្តនេះ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅកំសាន្ត។ អ្នកស្រី ប៉ង់ សុខា អ្នកលក់ហ្មុកដែលល្បីថាមានរសជាតិឆ្ងាញ់ដាច់គេនោះ បានប្រាប់ឱ្យដឹងថា អ្នកស្រីនឹងនាំយកហ្មុកឆ្ងាញ់ទៅលក់ជូនភ្ញៀវនាឱកាបុណ្យចូលឆ្នាំ ដើម្បីឱ្យភ្ញៀវមកពីឆ្ងាយៗបានស្គាល់ និងភ្លក់រសជាតិហ្មុកបាត់ដំបង។

អ្នកស្រី ប៉ង់ សុខា បាននិយាយថា ជាធម្មតា មួយថ្ងៃៗ ម្ហូបហ្មុកខ្មែរដែលធ្វើលក់នៅក្នុងក្រុងបាត់ដំបង ខ្ញុំលក់បានមិនក្រោម ១០០កញ្ចប់នោះទេ បើគិតជាមធ្យមអាចរកចំណូលបានចាប់ពី ៦០០.០០០រៀលទៅ ១០០០.០០០រៀលក្នុងមួយថ្ងៃ។ ហ្មុក ១កញ្ចប់លក់ក្នុងតម្លៃ ៦.០០០រៀល។ មួយរយ:ពេលចុងក្រោយនេះចំនួនអ្នកកុម្ម៉ង់យកទៅឆ្ងាយៗកាន់តែច្រើនឡើងៗ។

អ្នកស្រី ប៉ង់ សុខា ប្រកបមុខរបរធ្វើមុខម្ហូបហ្មុកខ្មែរ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឱ្យដឹងថា មុខរបរធ្វើម្ហូប “ហ្មុកខ្មែរ” ឬអ្នកខ្លះហៅថាអាម៉ុក នេះគឺអ្នកស្រីបន្តស្នាដៃពីម្តាយរបស់អ្នកស្រី។
ហ្មុកត្រីរសជាតិតាមបែបលក្ខណៈគ្រួសារនេះ ទទួលបានការគាំទ្រពីអ្នកភូមិក្នុងស្រុកនិយមទទួលទាន ដោយសារការលាយគ្រឿងយ៉ាងបុិនប្រសប់របស់ម្តាយអ្នកស្រី ដោយអ្នកភូមិដាក់ឈ្មោះថា “ហ្មុកយាយ វណ្ណា” ដែលជាឈ្មោះម្តាយអ្នកស្រី។
បច្ចុប្បន្ន “ហ្មុកខែ្មរ” របស់អ្នកស្រី ប៉ង់ សុខា ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជន តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ រហូតមានការកុម្ម៉ង់ទិញក្នុងមួយថ្ងៃៗមិនក្រោម ១០០កញ្ចប់ដោយមិនទាន់គិតពីតម្រូវការរបស់អតិថិជននៅទីខេត្តឆ្ងាយៗ ជាពិសេសអ្នកនៅភ្នំពេញដែលកុម្ម៉ង់តាមអនឡាញដែលធ្វើឱ្យអ្នកស្រីមានឈ្មោះល្បី និងទទួលបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារពីមុខរបរនេះ។
អ្នកស្រី ប៉ង់ សុខា បន្តថា រយ:ពេលចុងក្រោយនេះ ក្មួយអ្នកស្រីបានបង្ហោះលក់តាមបណ្តាញសង្គមកាន់តែទូលាយ និងមានអ្នកកុម្ម៉ង់ទិញច្រើនដែលមិននឹកស្មានដល់។ អ្នកស្រីបានលើកឡើងថា “ខ្ញុំចង់តែសើចទេ គ្រាន់តែជាអ្នកធ្វើលក់ធម្មតាសោះ ស្រាប់តែមានអ្នកកម្ម៉ង់ច្រើនតាមហ្វេសប៊ុកបែបនេះ ជាពិសេសអ្នកភ្នំពេញ ពេលចឹងខ្ញុំចង់សើចអស់សំណើច ត្រឹមតែធ្វើលក់ធម្មតាសោះ បែជាលក់ដាច់ដល់ណាដល់ណីយ៉ាងនេះ”។

ឥឡូវនេះ ក្រុមគ្រួសារអ្នកស្រីបានបោះជំហានមួយជំហានទៀតនៅក្នុងការផលិតវិចខ្ចប់ និងភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនទៅកាន់អតិថិជនដែលទិញតាមរយ:អនឡាញ។ មានអតិថិជនពីគ្រប់ទិសទីចាប់ផ្តើមពីក្នុងខេត្តរហូតដល់ខេត្តឆ្ងាយៗ ពិសេសភ្នំពេញតែម្តង ហើយក្រៅពីនេះតាមពិធីបុណ្យ និងពិធីមង្គលការផ្សេងៗក៏មានមកកម្ម៉ង់ច្រើនដែរ។
បើតាមអ្នកស្រី ប៉ង់ សុខា បានឱ្យដឹងថា “ហ្មុក”អ្នកស្រីដែលធ្វើឱ្យល្បីល្បាញរហូតដល់ពេលនេះ ដោយសារតែមានការផ្សំចេញពីសាច់ត្រីធម្មជាតិ ខ្ទិះដូង និងស្លឹកញ និងគ្រឿងផ្សំមានដូចជា ស្លឹកក្រូច ស្លឹកគ្រៃ រមៀត រំដេង ម្ទេស អំបិល ស្ករ ប៊ីចេង កាពិ ជាដើម។ គ្រឿងទាំងអស់ត្រូវលាយជាល្បាយចូលគ្នាឲឱ្យបានល្អ និងឆាល្បាយគ្រឿងឱ្យដាច់ទឹកល្អ ឱ្យមានក្លិនឈ្ងុយដើម្បីបំបាត់ក្លិនឆ្អាបត្រី ហើយមានក្លិនឈ្ងុយឆ្ងាញ់ មិនប្រៃ មិនសាបពេក មិនផ្អែមពេក ឱ្យគ្រឿងរួមផ្សំទាំងអស់ក្លាយជារសជាតិឆ្ងាញ់ល្មមតាមតម្រូវការអ្នកបរិភោគទូទៅអាចទទួលយកបាន។
នាឱកាសបុណ្យចូលឆ្នាំចំនួន ៣ថ្ងៃខាងមុខនេះ អ្នកស្រីសង្ឃឹមថានឹងមានភ្ញៀវថ្មីៗច្រើនទៀតបានភ្លក់រសជាតិហ្មុកបាត់ដំបងនេះ៕
ដោយ: សុផល





