ខេត្តកណ្តាលរៀបចំសោភ័ណភាពព្រឹត្តិការណ៍សង្ត្រាន្ត ឆ្នាំ២០២៥ បាន ៨០ភាគរយហើយ
AKP កណ្តាល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ -- អនុគណកម្មការបានរៀបចំសោភ័ណ្ឌភាពដើម្បីអបអរសាទរសង្ក្រាន្តខេត្តកណ្តាល និងសមិទ្ធផលធំៗរបស់ខេត្តនៅលេីប៉ាណូធំៗតាមបណ្តាកំណាត់ផ្លូវជាតិសំខាន់ៗ និងទីក្រុងតាខ្មៅ ដែលជាទីតាំងកន្លែងប្រារព្ធពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល ដោយសម្រេចបានលទ្ធផលប្រមាណ ៨០ភាគរយនៃផែនការហើយ។ ការបំពាក់ ដាក់តាំងរូបភាព ផ្ទាំងប៉ាណូ នាពេលនេះ គឺក្នុងគោលបំណងដេីម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងពីព្រឹត្តិការណ៍នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ ខេត្តកណ្តាល មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលនឹងប្រារព្ធធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស២០២៥ ឈ្មោះព្រះនាង គោរាគៈទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងមកគ្រប់គ្រងផែនដីនៅវេលាម៉ោង ៤ៈ៤៨នាទីទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

អាស្រយ័ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចូលរួមទស្សនា កំសាន្តឱ្យបានច្រើនកុះករ ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ៕



ដោយ: ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





