ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំទីតាំងសង្ក្រាន្តបន្ទាយមានជ័យ នៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចូលមកដល់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អ៊ុំ រាត្រី បានស្តាប់របាយការណ៍លម្អិតពីក្រុមការងារពាក់ព័ន្ធ អំពីការរៀបចំទីតាំង ការតុបតែងលម្អ ការរៀបចំកម្មវិធីសិល្បៈ ការដាក់ស្តង់លក់ផលិតផលនានា និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវភាពរលូន និងភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកចូលរួមសង្ក្រាន្តបន្ទាយមានជ័យនាពេលខាងមុខ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិនិត្យមើលដោយផ្ទាល់នូវការរៀបចំទីតាំងរួចមក ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការរៀបចំសង្ក្រាន្តបន្ទាយមានជ័យនេះឡើង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សង្ក្រាន្តនេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់មួយក្នុងការបង្ហាញពីសក្តានុពលវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់រៀបចំទីតាំងសង្ក្រាន្តបន្ទាយមានជ័យនេះបានយ៉ាងល្អប្រសើរ។ ខ្ញុំជឿជាក់ថា ជាមួយនឹងការរៀបចំដ៏ល្អនេះ សង្ក្រាន្តបន្ទាយមានជ័យឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងនាំមកនូវភាពសប្បាយរីករាយ ស្នាមញញឹម និងភាពកក់ក្តៅសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាភ្ញៀវទេសចរដែលអញ្ជើញមកកាន់ខេត្តបន្ទាយមានជ័យរបស់យើង»។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ សូមអញ្ជើញមកចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងផុសផុលរបស់បងប្អូនទាំងអស់នឹងធ្វើឱ្យសង្ក្រាន្តបន្ទាយមានជ័យកាន់តែមានភាពរស់រវើក និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាពក្នុងសង្គមជាតិ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ដើម្បីធានាថា ព្រឹត្តិការណ៍សង្ក្រាន្តនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយសម្រាប់ទាំងអស់គ្នា។
ការចុះពិនិត្យការរៀបចំសង្ក្រាន្តបន្ទាយមានជ័យនាពេលនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានអធិកអធម និងប្រកបដោយអត្ថន័យ ដើម្បីជាការលើកកម្ពស់វប្បធម៌ជាតិ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។ ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាភ្ញៀវទេសចរគ្រប់ទិសទី កំពុងទន្ទឹងរង់ចាំថ្ងៃដែលព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំនេះចាប់ផ្តើមឡើង ដើម្បីចូលរួមអបអរសាទរ និងទទួលយកនូវភាពសប្បាយរីករាយក្នុងឱកាសដ៏មង្គលនេះ៕

ដោយ: ឈុន សារ៉ាត





