សហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងបរទេសចូលទស្សនាកម្សាន្ត
AKP កំពង់ធំ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- សហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅភាគពាយ័ព្យនៃទីរួមខេត្តកំពង់ធំ ចម្ងាយប្រមាណ១២៥តាមផ្លូវគោក និងប្រមាណ៧៨គីឡូម៉ែត្រ តាមផ្លូវទឹកដងស្ទឹងសែនខេត្តកំពង់ធំ និងជិះទូកតែប្រមាណ៥នាទីពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងបរទេសចូលទៅទស្សនាកម្សាន្តគួរឱ្យកត់សម្គាល់។
លោក គៀន សុភាព អនុប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានកំពុងយកចិត្តទុកដាក់ធ្វើការងារនេះ ជាមួយរដ្ឋបាលខេត្ត ដោយបានចាប់ផ្ដើមស្រង់ស្ថិតិចំនួនភ្ញៀវទេសចរពីសហគមន៍ទេសចរណ៍ ព្រោះកន្លងមកសហគមន៍នេសាទអេកូទេសចរណ៍ពុំសូវមានភ្ញៀវស្គាល់ច្រើននោះទេតែបច្ចុប្បន្ននេះ ដោយមានការរៀបចំ និងបង្កើតជាសហគមន៍នេសាទអេកូទេសចរណ៍ដោយអង្គការ (FACT) ជួយទំនុកបម្រុងធ្វើឱ្យភ្ញៀវទេសចរស្គាល់កាន់តែច្រើន និងបានចូលមកលេងកម្សាន្ត ទស្សនាព្រៃលិចទឹកធម្មជាតិមេពូជត្រីធំៗដែលត្រូវបានអភិរក្ស និងតំបន់កម្សាន្តនានាជាច្រើនទៀតនៅក្នុងសហគមន៍នេសាទអេកូទេសចរណ៍ក្នុងឃុំផាត់សណ្ដាយពីមួយថ្ងៃទៅមួយថ្ងៃសហគមន៍ទទួលបានភ្ញៀវចូលមកទស្សនាពីគ្រប់មជ្ឈដ្ឋាន។


ម្យ៉ាងទៀតនៅទីនេះគឺមានការអភិរក្សពូជត្រីធំៗបានច្រើនដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវបរទេសមិនថាវិស័យឯកជន ឬវិស័យរដ្ឋនោះទេគឺគេចង់មកលេងកម្សាន្តនៅទីនោះ។ សហគមន៍នេសាទអេកូទេសចរណ៍ក្នុងតំបន់ផាត់សណ្ដាយនេះបានរៀបចំ និងទទួលស្គាល់ជាសហគមន៍ទេសចរណ៍នៅឆ្នាំ២០១៩ ហើយមានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋលើផ្ទៃទឹក ផ្ទះបណ្ដែតទឹកមើលទេសភាពថ្ងៃលិចទស្សនាព្រៃលិចទឹកធំជាងគេនៅប្រទេសកម្ពុជាទស្សនាការនេសាទត្រីដើមឈើព្រៃលិចទឹកធំជាងគេនិងអាយុកាលរាប់រយឆ្នាំ សត្វស្លាបតំបន់រាមសារស្ទឹងសែនប៉មមើលទេសភាពកន្លែងបោះតង់វត្ថុអនុស្សាវរីយ៍ធ្វើពីកំប្លោក។ មានសេវាកម្មទេសចរណ៍ដូចជាផ្ទះស្នាក់នៅសេវាដឹកជញ្ជូនភ្ញៀវកំសាន្តតាមទូក សេវាម្ហូប អាហារ ពិសេសគឺរក្សាបាននៅសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។


លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបបានលើកឡើងថា នេះជាមោទនភាពថ្មីមួយទៀតដែលអង្គការ (FACT) បានចូលមកជួយនៅក្នុងឃុំផាត់សណ្ដាយនេះគឺមានរយៈពេល៧ឆ្នាំមកហើយតាំងពីដើមឆ្នាំ២០១៩មក។ រយៈពេល៧ឆ្នាំកន្លងមកនេះក៏មានការចូលរួមជ្រោមជ្រែងពីក្រសួងទេសចរណ៍ ពិសេសគឺលោកបណ្ឌិត ជុក ជំនោរ ដែលជាអ្នកដឹកនាំក្រុមការងារបច្ចេកទេសនៅក្នុងមូលដ្ឋាន និងរួមសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ដែលបានចូលរួមជួយជំរុញលើជំនាញបច្ចេកទេសសេវាកម្មអេកូទេសចរណ៍នៅក្នុងឃុំផាត់សណ្ដាយនេះ។ ដោយឡែកដំណើរទស្សនកិច្ចសិក្សារៀនសូត្ររបស់ប្រធាន អនុប្រធានមន្ទីរជុំវិញរាជធានី-ខេត្តនៅទូទាំងប្រទេសផងដែរ ក៏ជាសកម្មភាពការងារមួយស្ថិតនៅក្រោមក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ហៅកាត់ថា(TEN) ដែលគណៈកម្មការជាតិរួមជាមួយនឹងក្រសួងទេសចរណ៍សហការជាមួយអង្គការ(FACT) ដោយបានសហការគ្នាបង្កើតឡើងនៅចុងឆ្នាំ២០២២ ក៏បានទទួលនូវសេចក្តីសម្រេចក៏ដូចជាសេចក្តីប្រកាសនៅក្នុងការបង្កើតបណ្ដាញនេះជាផ្លូវការពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏ដូចជាប្រធានគណៈកម្មការជាតិ។ តាមរយៈដំណើរទស្សនកិច្ចនេះសង្ឃឹមថា សហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយនេះនឹងទទួលបាននូវមតិយោបល់ល្អៗនិងធ្វើការអភិវឌ្ឍបន្ថែមទៀតទៅលើសេវាកម្មទទួលភ្ញៀវទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវពីគ្រប់មជ្ឈដ្ឋានឱ្យចូលមកទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍ទេសចរណ៍ក្នុងឃុំផាត់សណ្ដាយនេះ។

លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋាន(គ.ជ.អ.អ) បានមានប្រសាសន៍លើកឡើងឱ្យដឹងផងដែរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សហការជាមួយនឹងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហៅកាត់ថាអង្គការ (FACT) រួមជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកំពង់ធំដោយបានរៀបចំជាសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍នៅក្នុងការរៀបចំសហគមន៍ស្របទៅតាមស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានក្រោមក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបកាលពីពេលថ្មីៗកន្លងទៅនេះដោយយកនូវបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ល្អៗដូចជាការជោគជ័យនៃសហគមន៍នេសាទអេកូទេសចរណ៍ផាត់សណ្ដាយដើម្បីជម្រាបជូនទៅដល់ក្រុមការងារមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត៕
ដោយ ស៊ុម វណ្ណា





