ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ អគាររដ្ឋបាលស្រុកមិនមែនជាឧបសគ្គដល់ការផ្តល់សេវាជួនប្រជាពលរដ្ឋឡើយ
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា អគាររដ្ឋបាលស្រុកមិនមែនជាឧបសគ្គដល់ការផ្តល់សេវាជួនប្រជាពលរដ្ឋឡើយ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបីចំណុះស្រុក អង្គភាពមន្ទីរជំនាញពាក់ពន្ធ័ ព្រមទាំងមន្រ្តីរាជការសាលាស្រុកជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា យើងជាមន្ត្រីរាជការត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅ ជូនពលរដ្ឋដែលមករកសេវាសាធារណៈ ពិសេសបង្ក្រាបទប់ស្កាត់ ឱ្យខានតែបានរាល់បទល្មើសនានា ទើបទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទៅលើការដឹកនាំរបស់អាជ្ញាធរ។ អគាររដ្ឋបាលស្រុកមិនមែនជាឧបសគ្គដល់ការផ្តល់សេវាជួនប្រជាពលរដ្ឋឡើយ ក្នុងនេះដោយសាររដ្ឋបាលស្រុកសាមគ្គីមុនីជ័យទើបតែបំបែកចេញពីក្រុងឧត្តង្គម៉ែជ័យ ហើយជួលផ្ទះប្រជាពលរដ្ឋដើម្បីធ្វើការងារប្រចាំថ្ងៃតែការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋបានល្ល្អប្រសើរគួរឱ្យកត់សម្គាល់ និងឈានទៅអភិវឌ្ឍស្រុកសាមគ្គីមុនីជ័យ មានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុកនិងអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងការរៀបចំសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានល្អ ចូលរួមសម្រួលចរាចរណ៍នៅតាមចំណុចគោលដៅសំខាន់ៗក្នុងខេត្ត ត្រូវរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថានឱ្យបានល្អប្រសើរ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត សប្បាយស្នាក់នៅបានយូរក្នុងឱកាស់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥‐១៦ ខែមេសា ឆ្នាំ២០២៥ឆាប់ៗខាងមុខ៕

ដោយ លឹម សាន្ត





