ខេត្តបន្ទាយមានជ័យទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈប្រតិភូខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កាលពីល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំ ក នៃសាលាខេត្តបន្ទាយមានជ័យបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងជាប្រធានប្រតិភូអមដំណើរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងដ៏សំខាន់គឺដើម្បីពង្រឹង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក៏ដូចជាការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដម អ៊ុំ រាត្រី មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់គណៈប្រតិភូខេត្តដុងថាប់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់ខេត្តបន្ទាយមានជ័យ និងបានលើកឡើងថា ទំនាក់ទំនងរវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ មានភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនាពេលនេះនឹងរួមចំណែកកាន់តែស៊ីជម្រៅដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ និងបានជូនពរដល់ឯកឧត្តម ហ្វ៊ិញ មិញត្វឹន និងសមាជិកគណៈប្រតិភូទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អ បរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។

ជាការឆ្លើយតប ឯកឧត្តម ហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណៈបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលពីថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ហ្វ៊ិញ មិញត្វឹន បានបញ្ជាក់ថា ខេត្តដុងថាប់មានបំណងយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តបន្ទាយមានជ័យ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃខេត្តទាំងពីរ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ឯកឧត្តម ហ្វ៊ិញ មិញត្វឹន ក៏បានគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនចំពោះ ឯកឧត្ដម ប្លែក វ៉ារី ឯកឧត្ដម អ៊ុំ រាត្រី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ប្រការ។

ពិធីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈប្រតិភូខេត្តដុងថាប់ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងខេត្តទាំងពីរ និងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ជំនួបនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ឱ្យកាន់តែរីកចម្រើន និងយូរអង្វែង៕
ដោយ ឈុន សារ៉ាត





