ប្រជាកសិករអ្នកដាំស្វាយចន្ទីជាង១០០គ្រួសារនៅលើភ្នំគូលែនបបួលគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ថា សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានអញ្ជើញមកដល់ទីនេះដោយផ្ទាល់កាលពីថ្មីៗនេះ ព្រមទាំងបានណែនាំឱ្យ ឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រិះរកវិធីគាំទ្រ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករនៅក្នុងតំបន់នេះ ជាពិសេសសម្រាប់អ្នកដាំស្វាយចន្ទីតែម្តង។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា នៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានអ្នកដាំស្វាយចន្ទីច្រើនរហូតដល់ទៅ៨០០គ្រួសារ នៅលើផ្ទៃដីជាង ៣ ០០០ ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និងជាប្រភេទកសិកម្មយថាផល។ មានទាំងបញ្ហាប្រឈម មានទាំងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យបងប្អូនកសិករយើងអាច«កែច្នៃរួចនាំចេញនៅនឹងកន្លែងតែម្តង» ។

ដោយមានការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្រ្តីក្រសួងកសិកម្ម និងការចុះផ្ទាល់ពីមន្រ្តីបច្ចេកទេសកសិកម្ម ទើបប្រជាកសិករអ្នកដាំស្វាយចន្ទីជាង១០០គ្រួសារនៅលើភ្នំគូលែន បានបបួលគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដំណាំស្វាយចន្ទីនេះឡើង៕

ដោយ ណយ នឿន





