ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យភូមិសាស្រ្តកងពលតូចអន្តរាគមន៍លេខ៧
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងមេបញ្ជាការរង នាយ និងពលទាហាន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ទទួលខុសត្រូវ និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារ និងសមិទ្ធផលនានាមួយចំនួន ដែលបានកសាងរួច និងកំពុងកសាងបន្ត នៅក្នុងអង្គភាពនីមួយៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានណែនាំដល់ នាយ និងពលទាហានទាំងអស់ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ឡាវ ត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រូវយកចិត្តទុកដាក់ តាមដាន និងក្តាប់ជាប់រាល់សភាពការណ៍ដែលកើតមានឡើង ត្រូវរក្សាសុខភាព និងបន្តរការសាងសង់ជំរកស្នាក់នៅ រួមទាំងការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ ជាដើម និងបានកោតសរសើរដល់កងកម្លាំង កងពលតូចអន្តរាគមន៍លេខ៧ ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលនានាកន្លងមក តាមបទបញ្ជាដែលថ្នាក់លើប្រគល់ឱ្យ ដោយមិនគិតពីការនឿយហត់ ក្នុងបុព្វហេតុការពារបូរណភពទឹកដី។

ក្នុងឱកាសនោះ ឯកឧត្តម ស្រី ឌឹក បានជំរុញដល់នាយ និងពលទាហាន ត្រូវបន្តពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពមិត្ត ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវសកម្មភាពផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពរវាងប្រទេសជិតខាង៕


ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





