នាយករដ្ឋមន្ត្រីជប៉ុនសន្យាជួយក្រុមហ៊ុនក្នុងស្រុកជាមួយនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរ៉ូ អ៊ីស៊ីបា (Shigeru Ishiba) បានសន្យាថានឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មដល់ក្រុមហ៊ុនក្នុងស្រុកដើម្បីឆ្លើយតបទៅនឹងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកលើរថយន្ត។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក អ៊ីស៊ីបា បាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកអនុវត្តន៍ពន្ធ ២៥% លើការនាំចូលរថយន្តរដ្ឋាភិបាលនឹងបង្កើតការិយាល័យពិគ្រោះយោបល់ដែលបានកំណត់នៅប្រហែល ១.០០០ទីតាំងនៅទូទាំងប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការមូលនិធិរបស់ក្រុមហ៊ុនដែលរងផលប៉ះពាល់។
លោក អ៊ីស៊ីបា បាននិយាយថា «ប្រទេសជប៉ុនគឺជាអ្នកវិនិយោគធំជាងគេនៅសហរដ្ឋអាមេរិក» ដោយលោកបានកត់សំគាល់ថា រដ្ឋាភិបាលរបស់លោកនឹងបន្តជំរុញឱ្យសហរដ្ឋអាមេរិកលើកលែងការនាំចេញដែលពឹងផ្អែកលើប្រទេសជប៉ុនពីពន្ធបន្ថែមលើរថយន្ត និងផលិតផលផ្សេងទៀត។
សន្និសិទសារព័ត៌មាននេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភានៃប្រទេសជប៉ុនបានអនុម័តថវិការដ្ឋចំនួន ១១៥,២០ទ្រីលានយ៉េន (ប្រហែល៧៧០ប៊ីលានដុល្លារអាម៉េរិក) សម្រាប់សារពើពន្ធឆ្នាំ២០២៥។
លោក អ៊ីស៊ីបា ក៏បានសន្យាថានឹងចាត់វិធានការដើម្បីជួយប្រជាជនទប់ទល់នឹងការកើនឡើងនៃតម្លៃអង្ករ ប្រេងសាំង និងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត ទោះបីជាលោកនៅតែស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាពន្ធលើការប្រើប្រាស់លើម្ហូបអាហារក៏ដោយ។
លោក អ៊ីស៊ីបា បានបង្ហាញពីចេតនារបស់លោកក្នុងការបង្កើតវិធានការប្រកបដោយប្រសិទ្ធភាពត្រឹមខែឧសភា ដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមារបស់ប្រទេស និងចងក្រងផែនការក្នុងខែដូចគ្នានេះ ដើម្បីលើកកម្ពស់ការវិនិយោគសន្សំកម្លាំងពលកម្មក្នុងការបង្កើនផលិតភាពរបស់អ្នកផ្តល់សេវាខ្នាតតូច៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





