ការហ្វឹកហ្វឺនកងទ័ពជើងទឹករួមគ្នារវាងប្រទេសចិន-ថៃ ឆ្នាំ២០២៥ បានបញ្ចប់នៅភាគខាងត្បូងប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ -- ការហ្វឹកហ្វឺនកងទ័ពជើងទឹករួមគ្នារវាងប្រទេសចិន និងថៃ ដែលមានឈ្មោះថា Blue Strike-2025 បានបញ្ចប់កាលពីថ្ងៃពុធ នៅទីក្រុងហ្សានជាំង ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។
សមយុទ្ធរួមរយៈពេល ៨ថ្ងៃដែលស្ថិតក្រោមប្រធានបទ«ប្រឆាំងភេរវកម្មនៅដែនសមុទ្រនិងជំនួយសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីនាវាកងទ័ពជើងទឹក និងអង្គភាពសមុទ្រមកពីភាគីទាំងពីរ។
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើមុខវិជ្ជាជាច្រើន រួមទាំងប្រតិបត្តិការវាយប្រហារដែនសមុទ្ររួមគ្នា ការស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ។លើសពីនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា ផ្លាស់ប្តូរសកម្មភាព ទស្សនកិច្ចទៅវិញទៅមក និងព្រឹត្តិការណ៍វប្បធម៌ និងកីឡា។
នេះជាលើកទី៦ នៃការហ្វឹកហ្វឺនរួមគ្នាដែលរៀបចំដោយប្រទេសចិននិងថៃ។ តាមរយៈការហ្វឹកហ្វឺននេះ កងទ័ពជើងទឹកទាំងពីរបានបង្កើនសមត្ថភាពប្រយុទ្ធ និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា និងការពង្រឹងមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





