អាជ្ញាធររាជធានីភ្នំពេញកំពុងតុបតែងកែលម្អ សោភណ័ភាពសង្ក្រានវត្ដភ្នំ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការរៀបចំសង្ក្រាន្តវត្តភ្នំ និងរៀបចំតុបតែងលម្អសោភ័ណភាពតាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ក្រោមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងរៀបចំតុបតែងលម្អសោភ័ណភាពនៅទីកន្លែងសាធារណៈសំខាន់មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ខាងមុខ។
ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

លោកស្រី ដោ សម្ផស្ស បានបន្តថា សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានពិធីសាសនា ដូចជា ការទទួលទេវត្តាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម។ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ ដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំត្រុដិ ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងមានប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្តគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិព័រណ៍ផលិតផលខ្មែរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ្ននេះតែម្តង។
ជាមួយគ្នានេះដែ រដ្ឋបាលរាជធានីក៏បានលើកទឹកចិត្តឱ្យពលរដ្ឋដែលចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងភ្ជាប់ផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្តវត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តដល់៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី។


លោកស្រីបន្តទៀតថា ឆ្នាំនេះ ទីតាំងកម្សាន្តរបស់យើងគឺមានបរិវេណធំជាង ឆ្នាំកន្លងទៅ ហើយអ្វីដែលចាប់អារម្មណ៍ នៅផ្លូវថ្មើជើងWalk Street គឺយើងធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំថ្ងៃទី១២ និងទី១៣ខែមេសា សម្រាប់ថ្ងៃចូលឆ្នាំគឺចាប់ពីថ្ងៃទី១៤-១៥-១៦ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានកម្មវិធីនេះ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ភ្ជាប់គ្នាតែម្តង។ រមណីយដ្ឋានវត្តភ្នំ យើងនឹងធ្វើសង្ក្រាន្តរយៈពេល៣ថ្ងៃ តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង២០យប់ យើងមានកម្មវិធីបែបប្រពៃណី កម្មវិធីសប្បាយកម្សាន្តជាច្រើន មានការទទួលទេវតា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ មានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្ត និងតាំងពិព័រណ៍ផលិតផលខ្មែរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ដោយឡែកចំពោះ Walk Street វិញ នៅថ្ងៃចូលឆ្នាំនេះ គឺយើងនឹងបើករយៈពេល៥ថ្ងៃតែម្តង ដោយចាប់តាំងពីថ្ងៃទី១២ ដល់១៦ ចឹងខុសប្លែកពីរាល់សប្តាហ៍ ដែលយើងធ្វើតែ២ថ្ងៃ នៅសប្តាហ៍នៃថ្ងៃចូលឆ្នាំ គឺយើងធ្វើរហូតដល់៥ថ្ងៃ"។ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តដោយសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើងរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះ។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ក្រៅពីការរៀបចំសង្ក្រាន្តវត្តភ្នំ អាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌទាំង១៤ខណ្ឌ ក៏បានត្រៀមរៀបចំធ្វើសង្ក្រាន្តរបស់ខណ្ឌនីមួយៗដែរ។ សម្រាប់ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈវិញ រដ្ឋបាលរាជធានីភ្នំពេញនឹងធានាជូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តដោយភាពរីករាយ ដោយមិនក្តីបារម្ភ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនបានកាត់បន្ថយកម្លាំង ឬវិធានការណាមួយឡើយ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់ ក្នុងការផ្តល់នូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃវ័នបត និងថ្ងៃទី៣ជាថ្ងៃឡើងស័ក។ រីឯការកំណត់ខែថ្ងៃម៉ោងនាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់ នោះគេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកចូលរួមឱ្យបានច្រើនកុះករ៕
ដោយ សួស សំរិត





