ប្រជាពលរដ្ឋក្នុងភូមិបាគូ ស្រុកកណ្ដាលស្ទឹង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានពង្រីកផ្លូវជូនពួកគាត់
AKP កណ្ដាល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម រឿន រិទ្ធិរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការពង្រីកផ្លូវរបស់ប្រជាពលរដ្ឋ នៅភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាកណ្តាលស្ទឹង ការចុះពិនិត្យនេះមានការចូលរួមពីអាជ្ញាធរស្រុក តំណាងប្រជាពលរដ្ឋ លោកមេឃុំ មេភូមិ និងមន្ត្រីជំនាញផងដែរ។
សូមបញ្ជាក់ថា ការស្នើសុំពង្រីកផ្លូវបន្ថែមរបស់ប្រជាពលរដ្ឋចំនួន៣,៦ម៉ែត្រ លើផ្លូវចាស់មានចំនួន១,៨ម៉ែត្រ ស្ថិតនៅទីតាំងភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា កណ្តាលស្ទឹង បងប្អូនប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងព្រោះការពង្រីកផ្លូវនេះ គឺជាទ្រព្យដ៏មហាសាល ដែលកើតចេញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។


ប្រជាពលរដ្ឋនៅក្នុងភូមិបាគូបានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំងដោយសារតូចចង្អៀត ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃដែលនាំឱ្យជួបការលំបាកហើយការពង្រីកផ្លូវនេះគឺជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់មានភាពងាយស្រួលជាងមុន៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





