៣ខែដំបូងឆ្នាំនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង១៨,៧លានដុល្លារ កើនជាង១៣%
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- រយៈពេល៣ខែដំបូងឆ្នាំ២០២៥ កម្ពុជារកចំណូលបានចំនួន ១៨ ៧១៨ ៧២២ ដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរកើនឡើង ១៣,២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២៥នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវសរុប ៣៩៨ ៥៣១នាក់ ដែលរកចំណូលបានជាង ១៨,៧លានដុល្លារ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែមីនា ឆ្នាំ២០២៥ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១១៨ ៩២៧នាក់ ដែលរកប្រាក់ចំណូលបាន ៥,៥លានដុល្លារ កើនឡើង៤,៧៦ភាគរយ បើធៀបនឹងខែមីនាកាលពីឆ្នាំមុន។
សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។
ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបាន ៧៥៦ ៦៤០ ដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល៣ខែនៃឆ្នាំ២០២៥ នេះ មានចំនួនប្រមាណ ៧៩ម៉ឺនដុល្លារ៕

ដោយ៖ ស្រីពេជ្រ





